អាជ្ញាធរខេត្តកំពង់ស្ពឺប្រកាសឱ្យម្ចាស់ផ្ទះសំណាក់ ផ្ទះជួលទាំងអស់ មិនត្រូវអនុញ្ញាតឱ្យអតិថិជនអាយុក្រោម១៨ឆ្នាំ ចូលសម្រាក

អត្ថបទដោយ៖
CPA

កំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺប្រកាសឱ្យម្ចាស់ផ្ទះសំណាក់ ផ្ទះជួលទាំងអស់ មិនត្រូវអនុញ្ញាតឱ្យអតិថិជនអាយុក្រោម១៨ឆ្នាំចូលសម្រាក។បម្រាបនេះក្នុងន័យទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលបង្កឡើងដោយក្រុមក្មេងទំនើង ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ស្ពឺ បានដាក់ចេញនូវវិធានការណែនាំមួយចំនួន ក្នុងការចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គមដើម្បីរក្សាសុវត្ថិភាព របៀបរៀបរយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដែលបង្កឡើងដោយក្រុមក្មេងទំនើង។

ឯកឧត្តម វ៉ី សំណាង បញ្ជាក់ថា ៖ «យើងមិនឱ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួលទាំងអស់ ផ្តល់ជាជម្រក ឬឱកាសឱ្យជនល្មើស ធ្វើអាជីវកម្មផ្លូវភេទ ឬជួញដូរលើស្រ្តី និងកុមារ ការលបលួចជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនបានដាច់ខាត»។

ក្នុងករណីមានជនសង្ស័យលោកស្នើឱ្យម្ចាស់ទីតាំងរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរ មានសមត្ថកិច្ច។ មួយវិញទៀត លោកថា ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ឬទីតាំងអាជីវកម្ម និងមិនអាជីវកម្មទាំងអស់ ត្រូវរាយការណ៍ពីវត្តមានជនបរទេស ដែលចូលមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រង វត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ហៅកាត់ថា ប្រព័ន្ធ FPCS (Foreigner Presence in Cambodia System)។

ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ថា ៖ «ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួលទាំងអស់ មិនត្រូវអនុញ្ញាត ឱ្យអតិថិជនអាយុក្រោម១៨ឆ្នាំ ចូលសម្រាក លើកលែងតែមានបងប្អូន ឬក្រុមគ្រួសារ ចូលសម្រាកជាមួយ»។

លោកបន្ថែមថា រាល់ភ្ញៀវទាំងអស់ដែលចូលមកសម្រាក ឬស្នាក់នៅ ម្ចាស់ទីតាំងត្រូវសុំថត អត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន ឬឯកសារពាក់ព័ន្ធមួយចំនួនទៀត ដើម្បីរក្សាទុកពេលមានបញ្ហាណាមួយ កើតឡើងជាយថាហេតុ។ ហើយអាជ្ញាធរមានសមត្ថកិច្ច នឹងចុះធ្វើរដ្ឋបាលចំហរ គ្រប់ទីតាំងខាងលើក្នុងករណីមានការសង្ស័យ៕ ដោយ៖ ជា សុខនី

ads banner