អាជ្ញាធរអគ្គិសនីកម្ពុជា ៖អ្នកពាក់ព័ន្ធចូលរួមអនុវត្តគោលការណ៍បញ្ចុះថ្លៃអគ្គិសនី សម្រាប់អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម

(ភ្នំពេញ)៖ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានស្នើដល់អ្នកពាក់ព័ន្ធចូលរួមអនុវត្តគោលការណ៍ និងនីតិវិធីបញ្ចុះថ្លៃអគ្គិសនី សម្រាប់អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម-កសិកម្ម ឱ្យសម្រេចបានតាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចូលរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិ និងជួយបង្កើនទីផ្សារការងារដល់ប្រជាពលរដ្ឋ ។

ឯកឧត្តម បន្ថែមថា ដើម្បីអនុវត្តយន្តការនេះបានភាគីពាក់ព័ន្ធទាំងអស់ មានអគ្គិសនីកម្ពុជា ជាអ្នកបោះមេ មានអ្នកផ្គត់ផ្គង់អគ្គិសនីឯកជន នៅទូទាំងប្រទេសជាង ៣០០នាក់ ហើយមានភាគីអ្នកប្រើប្រាស់ដែលជាភាគីពាក់ព័ន្ធក្នុងការអនុវត្ត ដើម្បីឱ្យការអនុវត្តយន្តការនេះដើរដោយរលូនទាល់តែភាគីពាក់ព័ន្ធទាំងអស់ យល់ឱ្យបានច្បាស់ទាំងអស់គ្នា។

ឯកឧត្តម ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់អគ្គិសនីដែលយល់ថា ការប្រើប្រាស់អគ្គិសនី រោងចក្រ-សហគ្រាសរបស់ខ្លួនស្របតាមលក្ខខណ្ឌអាចស្នើសុំទៅអ្នកផ្គត់ផ្គង់ដែលឋិតនៅតំបន់ដែលខ្លួនកំពុងប្រើអគ្គិសនី ដើម្បីទទួលបានការបញ្ចុះតម្លៃ ។

ការស្នើសុំបែបនេះរបស់ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ រួមជាមួយ ឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ដើម្បីផ្សព្វផ្សាយការបញ្ចុះថ្លៃអគ្គិសនីចំពោះបរិមាណថាមពលប្រើប្រាស់របស់អ្នកប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និងកសិកម្ម ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលតភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងបណ្តាញតង់ស្យុងខ្ពស់របស់បណ្តាញជាតិ ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣។

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជារូបនេះ បានគូសបញ្ជាក់ថា ដើម្បីឱ្យការអនុវត្តគោលការណ៍ឱ្យមានប្រសិទ្ធភាពនោះ អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា បានបង្កើតក្រុមការងារចម្រុះ EAC-EDC (អឺអាសេ-អឺដេសេ) ដើម្បីជួយសម្របសម្រួល ពន្យល់ បំភ្លឺ និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងគោលការណ៍ និងនីតិវិធីនៃការអនុវត្តបញ្ចុះថ្លៃអគ្គិសនី។

ឯកឧត្តម យឹម វិសិដ្ឋ បានលើកឡើងថា ទោះបីវត្ថុធាតុដើមសម្រាប់ផលិតអគ្គិសនី មានការឡើងថ្លៃ ដោយសារតែវិបត្តិកូវីដ១៩ និងសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន តែរាជរដ្ឋាភិបាលកម្ពុជា បានណែនាំមិនឱ្យឡើងថ្លៃអគ្គិសនី ហើយរាជរដ្ឋាភិបាលជួយចេញថ្លៃខាតឱ្យអគ្គិសនីកម្ពុជា ខ្ទង់ ១០០លានដុល្លារក្នុងមួយឆ្នាំ។ បន្ថែមពីនេះថ្មីៗរាជរដ្ឋាកម្ពុជា អាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងរ៉ែ និងថាមពល ដឹកនាំការពិនិត្យសាកល្បងដើម្បីបញ្ចុះថ្លៃចំពោះអ្នកប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និងកសិកម្ម។

សូមជម្រាបថា ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ចេញសេចក្តីប្រកាសព័ត៌មានពីការបញ្ចុះថ្លៃអគ្គិសនី ចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម។ ដំណោះស្រាយភ្លាមៗនេះ បានធ្វើឡើងតាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលថ្ងៃទី១៩ ខែកញ្ញា នៅក្នុងខេត្តតាកែវ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិត២ ម៉ឺននាក់ ៕

អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner