សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់បទបញ្ជាត្រៀមជួយសង្គ្រោះពលរដ្ឋដែលរងទឹកជំនន់ (Video Inside)
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាដល់បណ្តាខេត្ត, រាជធានី និងបណ្តាគ្រប់កងកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមធ្វើកិច្ចសហការ ដើម្បីជួយសង្គ្រោះពលរដ្ឋតាមកន្លែង ដែលកំពុងរងលិចដោយសារជំនន់ទឹកភ្លៀង។
ការដាក់បទបញ្ជាតាមសារសម្លេងនៅថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២៣ បានទន្ទឹមនឹងបណ្តាខេត្តនានា បានស្ថិតក្នុងការលិចដោយជំនន់ទឹកភ្លៀង និងទន្ទឹមនឹងការព្យាករណ៍អាកាសធាតុ នៅថ្ងៃសុក្រនេះបញ្ជាក់ថា បណ្តាខេត្ត និងរាជធានីរបស់កម្ពុជា នឹងបន្តការធ្លាក់ភ្លៀងថែមទៀត ក្នុងកម្រិតខ្សោយពីមធ្យម ដោយសារតែការឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយលើអាងមេគង្គថៃ និងឡាវ ជាមួយនឹងខ្យល់មូសុងនីរតីបក់ក្នុងល្បឿនមធ្យម។
ការដាក់បទបញ្ជានេះ បានទន្ទឹមនឹងសេចក្តីរាយការណ៍ពីខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ជុំវិញស្ថានភាពទឹកលិចធ្ងន់ធ្ងរ។ នៅក្នុងខេត្តពោធិ៍សាត់, កម្ពស់ទឹកស្ទឹងពោធិ៍សាត់ បានកើនឡើងដល់កម្រិតប្រកាសអាសន្ន ដោយសារមានភ្លៀងធ្លាក់ នៅតំបន់ជួរភ្នំក្រវាញ, ស្ទឹងអារ៉ៃ និងស្ទឹងធំ។ នៅក្នុងខេត្តពោធិ៍សាត់នោះផងដែរ, កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ត្រូវគេឃើញបានដឹកនាំកម្លាំងចុះជួយប្រជាពលរដ្ឋ។
ចំណែកនៅក្នុងខេត្ដបាត់ដំបងវិញ, សេចក្តីរាយការណ៍នៅថ្ងៃទី២៩កញ្ញានេះ បានបង្ហាញថា ទឹកបានជន់លិចចូលដល់ក្រុងបាត់ដំបង, ចួលក្នុងភូមិសាស្ត្រស្រុកបាណន់ និងស្រុកឯកភ្នំ ផងដែរ។