អង្គភាពប្រឆាំងអំពើពុករលួយ ៖ ក្នុងខែកញ្ញាមានមន្រ្តីជាង ១១០០នាក់ប្រកាសទ្រព្យសម្បត្តិ និង បានដំណើរការពាក្យប្តឹងចំនួន២២
(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានឱ្យដឹងថា៖មានមន្ត្រីចំនួន ១.១២២ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួល បានការតែងតាំងថ្មីចំនួន ៦៩១នាក់ និងមន្ត្រី ៤៣១ទៀតមកប្រកាសទ្រព្យសម្បត្តិ និង បំណុលចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ ចូលនិវត្តន៍ និង ចប់អាណត្តិ ។
បើយោងតាមកិច្ចប្រជុំលើកទី ២៧ អាណត្តិទី៣ នៃ ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៣បានឱ្យដឹងថា៖ក្រៅពីកិច្ចការងារទាក់ទិននឹងការប្រកាសទ្រព្យសម្បត្តិនិងបំណុលនៅក្នុងខែកញ្ញានេះអង្គភាពប្រឆាំងអំពើពុករលួយក៏បានដំណើរការត្រួតពិនិត្យ វិភាគ និង ធ្វើការសម្រេចចិត្តលើពាក្យប្តឹងក្នុងខែនេះចំនួន ២២ពាក្យប្តឹងផងដែរ។
ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖ក្រៅពីកិច្ចការងារខាងលើនេះអង្គភាពរបស់ខ្លួនក៏បានចុះសង្កេតការណ៍លទ្ធកម្មសាធារណៈ ចំនួន ៥៣ គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ២០ អង្គភាព និងបានចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្ដែងមួយចំនួនទៀតតាមសំណើ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។ក្រៅពីនេះអង្គភាពប្រឆាំងអំពើពុករលួយក៏ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “តួនាទី ភារកិច្ចអ្នកសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ សម្រាប់ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ ដល់មន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយចំនួន ៦០០នាក់ផងដែរ៕
ដោយ ៖ ម៉ាដេប៉ូ





