សហជីពធំៗ ចេញញត្តិគាំទ្រការដំឡើងប្រាក់ឈ្នួលអប្បបរមា ២០៤ដុល្លារក្នុងមួយខែសម្រាប់ឆ្នាំ ២០២៤

(ភ្នំពេញ)៖ តំណាងសហជីពធំៗនៅថ្ងៃទី៣០ កញ្ញា ឆ្នាំ ២០២៣ បានចេញញត្តិគាំទ្របន្តបន្ទាប់ ក្រោយពីមានសេចក្តីសម្រេចការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៤ ដែលមានចំនួន ២០៤ដុល្លារក្នុងមួយខែ ។

សហជីពធំៗទាំងនោះរួមមាន សហព័ន្ឋសហជីពសុវត្ថិភាពកម្មករ សហព័ន្ឋសហជីពកម្មករប្រជាធិបតេយ្យ និង សហព័ន្ឋសហជីពវឌ្ឍនភាពការងារកម្មករខ្មែរ ជាដើម។ ក្រុមសហជីពបានលើកឡើងថា ពួកគេបានគាំទ្រយ៉ាងពេញទំហឹងចំពោះការដំឡើងនេះ ដោយប្តេជ្ញាចូលរួមអនុវត្តរាល់វិធានការអន្តរាគមន៍ផ្សេងៗដែលរាជរដ្ឋាភិបាលកំពុងដាក់ចេញដើម្បីចូលរួមលើកកម្ពស់ជីវភាព និងបន្តរក្សានិងបង្កើតឱកាសការងារជូនដល់បងប្អូនកម្មករនិយោជិតព្រមទាំងបន្តជំរុញឲ្យមានបរិយាកាសវិនិយោគនិងធុរកិច្ចកាន់តែប្រសើរឡើងប្រកបដោយភាពទាក់ទាញ ។

ក្រុមសហជីពក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ឋ បន្តចូលរួមថែរក្សាភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅរក្សាការងារនិងប្រាក់ចំណូលរបស់បងប្អូនកម្មករនិយោជិតទាំងអស់ ។

ជាងនេះទៅទៀត សហជីពគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរបស់បងប្អូនកម្មករនិយោជិតគ្រប់កាលៈទេសៈ ពិសេសសម្តេចធិបតីបានអនុញ្ញាតឲ្យមានការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ ២០២៤ បើទោះបីជាប្រទេសទាំងអស់នៅលើពិភពលោករួមទាំងកម្ពុជាផងដែរកំពុងទទួលរងផលប៉ះពាល់វិបត្តិសេដ្ឋកិច្ចសាកលដែលនាំឲ្យតម្រូវការសាកលផ្នែកវាយនភណ្ឌមានការថយចុះក៏ដោយ ។

លើសពីនេះទៅទៀត កម្មករក៏បាននិងកំពុងទទួលនូវអត្ថប្រយោជន៍ផ្សេងៗ អំពីវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលសំដៅកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិតតាមរយៈការគ្រប់គ្រងថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និង ថ្លៃអគ្គិសនីនៅតាមផ្ទះជួលរួមទាំងទទួលបានបន្ថែមជាបន្តបន្ទាប់នូវអត្ថប្រយោជន៍របបសន្តិសុខសង្គមផងដែរ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner