លោកស្រី Dianne Feinstein សមាជិកព្រឹទ្ធសភាអាមេរិក បានទទួលមរណភាពក្នុងអាយុ ៩០ឆ្នាំ
វ៉ាស៊ីងតោន ឌីស៊ី៖ ព្រឹទ្ធសមាជិកជើងចាស់របស់អាមេរិក លោកស្រី Dianne Feinstein អ្នកនយោបាយប្រវត្តិសាស្រ្ត ដែលត្រូវបានកត់សម្គាល់ពីសមិទ្ធិផលផ្នែកនីតិបញ្ញត្តិ អំឡុងអាជីពរយៈពេលបីទសវត្សរ៍ បានទទួលមរណភាព ក្នុងវ័យ៩០ឆ្នាំ។
ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រ សប្តាហ៍នេះថា «ព្រឹទ្ធសមាជិក Dianne Feinstein គឺជាអ្នកត្រួសត្រាយរបស់អាមេរិក ជាអ្នកត្រួសត្រាយផ្លូវពិតប្រាកដ ហើយសម្រាប់លោកស្រី Jill និងរូបខ្ញុំផ្ទាល់ បានចាត់ទុកលោកស្រី Dianne Feinstein គឺជាមិត្តដ៏គួរឱ្យស្រឡាញ់»។
ប្រធានាធិបតីអាមេរិក Joe Biden ដែលបានចូលគោរពវិញ្ញាណក្ខន្ធលោកស្រី Dianne Feinstein បាននិយាយទៀតថា «លោកស្រីគឺជាបុគ្គលប្រវត្តិសាស្ត្រម្នាក់ ជាអ្នកតាមដានពីសុខទុក្ខ និងស្ថានភាពស្ត្រី ហើយសហរដ្ឋអាមេរិកនឹងនឹករលឹកលោកស្រីយ៉ាងខ្លាំង»។
លោកប្រធានាធិបតី Joe Biden បានបញ្ជាឱ្យបង្ហូតទង់ជាតិសហរដ្ឋអាមេរិក នៅពាក់កណ្តាលដង នៅឯសេតវិមាន និងនៅលើទីតាំងសាធារណៈ និងយោធាទាំងអស់។
លោកស្រី Dianne Feinstein
ធ្លាប់បានប្រកាសចូលនិវត្តន៍ កាលពីខែកុម្ភៈ ខណៈសុខភាពរបស់លោកស្រីកាន់តែយ៉ាប់ខ្លាំង ដោយលោកស្រីធ្វើការខុសឆ្គងមួយចំនួន ដែលគំរាមកំហែងកេរដំណែល ដែលជាស្នាដៃ របស់លោកស្រី។
លោកស្រី Feinstein សមាជិកព្រឹទ្ធសភាចាស់ជាងគេ ដែលទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ត្រូវបានចាត់ទុកជាអ្នកត្រួសត្រាយផ្លូវ សម្រាប់ស្ត្រីក្នុងវិស័យនយោបាយ និងជាអ្នកបង្កើតច្បាប់ដ៏មានប្រសិទ្ធភាព៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត





