ផ្លូវដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងខេត្តពោធិ៍សាត់ត្រូវបាន រដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យដោយផ្ទាល់

ភ្លៀងធ្លាក់រដូវភ្ជុំប៉ុន្មានថ្ងៃជាប់ៗគ្នា បង្កអោយមានទឹកដក់តាមដងផ្លូវមួយចំនួននៅខេត្តពោធិ៍សាត់ជាហេតុនាំអោយ ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យស្ថានភាពផ្លូវភ្លាមៗ ដើម្បីក្តាប់ស្ថានភាពជាក់ស្តែង។បើតាមក្រសួងធនធានទឹក និងឧត្តុនិយម បង្កដោយប្រព័ន្ធសម្ពាធទាប(ITCZ) បក់មកតាមប្រទេសថៃ ឡាវ នឹងបន្តអូសបន្លាយលើកម្ពុជា ជាមួយនឹងខ្យល់មូលសុងនិរតីខ្សោយ។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យស្ថានភាពផ្លូវមួយចំនួននៅខេត្តពោធិ៍សាត់ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងជំនន់ពីស្ទឹងពោធិ៍សាត់ ដោយមានការអមដំណើរពី ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស និងកងកម្លាំងសមត្ថកិច្ចជាច្រើនរូប នៅបើយោងតាមគេហទំព័រ Facebook របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣។

បេសកកម្មនេះ ក្នុងគោលបំណង ពិនិត្យស្ថានភាពផលប៉ះពាល់ដោយទឹកជំនន់ ដើម្បីមានវិធានការ ទប់ស្កាត់ កាត់បន្ថយការខូចខាតបង់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិសាធារណៈ។

សូមបញ្ជាក់ថា ផ្លូវដែលរងផលប៉ះពាល់ដោយទឹកជំនន់រួមមាន ផ្លូវខេត្តលេខ១៥២H លេខ១៥៤ លេខ១៥៥ លេខ១៥៥A លេខ១៥៥A១ និងកំណាត់ផ្លូវជាតិលេខ៥៥។ បច្ចុប្បន្ននេះ ស្ថានភាពទឹកមានភាពធូរស្រាល និងផ្លូវមួយចំនួនអាចចរាចរណ៍បានជាបណ្តើរៗហើយ៕ ដោយ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner