ក្រសួងអប់រំ ប្រកាសផ្តល់រង្វាន់អបអរសាទរទិវាគ្រូបង្រៀន៥តុលា នឹងផ្តល់ជូនដល់សិស្សដែលមានសមត្ថភាពពិតប្រាកដ
អត្ថបទដោយ៖
អ៊ិត រ៉ាវុធ
ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡាបានរៀបចំបើកការប្រឡងប្រណាំងតែងនិពន្ធ និងស្មូតកំណាព្យអបអរសាទរទិវាគ្រូបង្រៀន៥តុលាឆ្នាំ២០២៣ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្ដម្ភនៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព» នៅព្រឹកថ្ងៃទី២ខែតុលាឆ្នាំ២០២៣ នៅគាររដ្ឋបាលថ្មី នៃក្រសួងអប់រំយុវជននិងកីឡា។ ចំពោះបេក្ខភាពចូលរួមប្រឡងប្រណាំងឆ្នាំនេះ គណៈកម្មការទទួលបាន៖
- ផ្នែកតែងនិពន្ធ មានបេក្ខភាពចូលរួមសរុបចំនួន២៣នាក់ ស្រីចំនួន៥នាក់ ដែលមកពី២៣ រាជធានី ខេត្តផ្នែកស្មូតកំណាព្យមានបេក្ខភាពចូលរួមសរុបចំនួន២៣នាក់ ស្រីចំនួន១២នាក់ ដែលមកពី ២៣ រាជធានី-ខេត្ត។
ឯកឧត្តម បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថាការប្រឡងប្រណាំងតែងនិពន្ធ ទទួលពានរង្វាន់ «សម្តេចព្រះសង្ឃរាជ ជួន ណាត និងស្មូតកំណាព្យ ទទួលពានរង្វាន់ “ព្រះភិរម្យ ភាសាអ៊ូ ហៅ ង៉ុយ» ដើម្បីអបអរសាទរទិវាគ្រូបង្រៀនឆ្នាំ២០២៣នេះ។ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ៤៧អនក្រ.បក ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ១៩៩៧ ស្តីពី ទិវាគ្រូបង្រៀន ដោយកំណត់យកថ្ងៃទី៥ ខែតុលា សម្រាប់ប្រារព្ធទិវានេះជា រៀងរាល់ឆ្នាំ ដើម្បីបំផុសឡើងវិញនូវ វប្បធម៌និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លាចំពោះ គ្រូបង្រៀននៅទូទាំងប្រទេស និងសាធារណជនទូទៅបានយលច្បាស់ពីគុណតម្លៃនៃគ្រូបង្រៀន និងអត្ថន័យនៃទិវានេះ។
ការប្រារព្ធទិវាគ្រូបង្រៀនឆ្នាំ២០២៣នេះ ក្រោមប្រធានបទ គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព” ដែលស្របនឹង ប្រធានបទ ទិវាគ្រូបង្រៀនពិភពលោក និងបរិបទអប់រំបច្ចុប្បន្ន ព្រមទាំងឆ្លើយតបទៅនឹង យុទ្ធសាស្ត្រវិស័យអប់រំសម្រាប់អាណត្តិ នីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តម រដ្ឋលេខាធិការ ផ្តាំផ្ញើដល់បេក្ខភាពដែលបានចូលរួមប្រឡងប្រណាំងទាំងអស់ ត្រូវខិតខំប្រឹងប្រែង ឱ្យអស់ពីសមត្ថភាពក្នុងការដណ្ដើមជ័យលាភីទទួលពានរង្វាន់អបអរសាទរទិវាគ្រូបង្រៀន៥តុលា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ ជាបេក្ខភាពដែលបានមកចូលរួមទាំងអស់ សូមឱ្យទទួលបាន ជោគជ័យ ជាពិសេសនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា ដែលបានខិតខំប្រឹងប្រែងអស់កម្លាំង កាយចិត្តរៀបចំកម្មវិធីនេះ និងឯកឧត្តម លោកជំទាវ ជាគណៈកម្មការវាយតម្លៃដាក់ពិន្ទុ៕ ដោយ-រ៉ាវុធ




