ជប៉ុនចាត់ទុកខែកញ្ញាឆ្នាំនេះ ជាខែក្តៅបំផុតក្នុងកំណត់ត្រា ១២៥ឆ្នាំមុន

តូក្យូ៖ ទីភ្នាក់ងារអាកាសធាតុបាននិយាយថា ជប៉ុនបានជួបប្រទះនូវខែកញ្ញា ដែលត្រូវបានចាត់ទុកថា ជាខែក្តៅបំផុតរបស់ប្រទេសខ្លួន ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមកាលពី ១២៥ឆ្នាំមុន។

ទីភ្នាក់ងារឧតុនិយមជប៉ុន នៅថ្ងៃទី២ ខែតុលា បានបញ្ជាក់ថា សីតុណ្ហភាពជាមធ្យមក្នុងខែកញ្ញាឆ្នាំនេះ បានកើនឡើង ២.៦៦អង្សាសេ ខ្ពស់ជាងសីតុណ្ហភាពធម្មតា។ ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា ការកើនឡើងសីតុណ្ហភាពខាងលើនេះ គឺជាតួលេខខ្ពស់បំផុតចាប់តាំងពីការចាប់ផ្តើមស្ថិតិសីតុណ្ហភាពក្នុងឆ្នាំ ១៨៩៨។

ហើយឆ្នាំ២០២៣ ត្រូវបានគេរំពឹងថា គឺជាឆ្នាំក្តៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដោយសារការប្រែប្រួលអាកាសធាតុកើនឡើង ដោយប្រទេសមួយចំនួនរួមមានអូទ្រីស បារាំង អាល្លឺម៉ង់ ប៉ូឡូញ និងស្វីស ក៏បានប្រកាសចាត់ទុកខែកញ្ញាឆ្នាំនេះ ជាខែក្តៅបំផុតនៅក្នុងកំណត់ត្រារបស់ប្រទេសពួកគេផងដែរ។

អាជ្ញាធរឧតុនិយមបារាំង (Meteo-France) បាននិយាយថា សីតុណ្ហភាពជាមធ្យមក្នុងប្រទេសបារាំងក្នុងខែកញ្ញាឆ្នាំនេះ នឹងមានប្រហែល ២១.៥អង្សាសេ ពោលគឺកើនឡើងចន្លោះពី ៣.៥អង្សាសេ និង ៣.៦អង្សាសេ លើសពីអំឡុងឆ្នាំ ១៩៩១-២០២០។ ចំណែក អង់គ្លេសក៏បានប្រកាសចាត់ទុកខែកញ្ញាឆ្នាំនេះ ជាខែក្តៅបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ ១៨៨៤ ផងដែរ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner