គម្រោងធ្វើឲ្យប្រសើរឡើងកំណាត់ផ្លូវជាតិ៥ អាចចូលរួម ជួយកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍បានជាង ៣០ភាគរយ

(កំពង់ឆ្នាំង)៖ គម្រោងធ្វើឲ្យប្រសើរឡើង កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមរហូត ដល់សិរីសោភ័ណ បានរួមចំណែកកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍បានប្រមាណ ៣០ភាគរយ ដោយសារស្ថានភាពផ្លូវធំទូលាយ សញ្ញាចរាចរណ៍គ្រប់កន្លែង និងរនាំងបែកចែកទ្រូងផ្លូវ។ នេះជាការបញ្ជាក់របស់លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអគ្គលេខា ធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្លែងប្រាប់អ្នកសារព័ត៌មានចម្រុះស្ថាប័ន ក្នុងឱកាសទស្សនៈកិច្ចអ្នកសារពត៌មានស្តីពីហិរញ្ញប្បទានអភិវឌ្ឍផ្លូវការ (ODA Press Tour) នៅមន្ទីរសាធារណៈ ការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ។

លោកជំទាវ មឹន មាណវី បានបញ្ជាក់ថា គ្រោះថ្នាក់ ចរាចរណ៍នៅកម្ពុជា នៅតែជាក្តីបារម្ភសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដ្បិតតែអត្រាស្លាប់ និងរបួស នៅតែមានចំនួនច្រើនគួរព្រួយបារម្ភ។ តាមរយៈការសិក្សាពីមូលហេតុបណ្តាលមកពីគ្រោះថ្នាក់ចរាចរនាពេលបច្ចុប្បន្ន បណ្តាលមកពីកត្តាជាច្រើន ក្នុងនោះ ដោយសារល្បឿននៃការបើកបរ មានប្រមានជា ៣៨-៣៩ ភាគរយ , ការមិនគោរពសិទ្ធអាទិភាព ២៥ទៅ២៦ភាគរយ , ការវ៉ាជែង មានជាង ១០ភាគរយ និងការបើកបរស្ថិតនៅក្រោមឥទ្ធិពលនៃការប្រើប្រាស់គ្រឿងស្រវឹងក្រោម១០ភាគរយ ហើយអត្រាគ្រោះថ្នាក់ចរាចរ៨០ភាគជាអ្នកបើកបរម៉ូតូ។
លោកជំទាវក៏បានអំពាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ដងផ្លូវពិសេសនៅលើផ្លូវជាតិលេខ៥ សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ ការបើកបរគោរពគំនូសសញ្ញា ផ្លាកសញ្ញា និងការបែងចែកទ្រូងផ្លូវ មិនត្រូវជិះបញ្ចាស់ផ្លូវដែលបង្កឱ្យមានបញ្ហាគ្រោះថ្នាក់នោះទេ ។

លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៏ថា គម្រោងធ្វើឲ្យប្រសើរឡើង កំណាត់ផ្លូវជាតិលេខ៥ ក៏នឹងសាងសង់ស្ថានីយ៍ថ្លឹងរថយន្តចំនួន ៦កន្លែង ដើម្បីធានាដល់ការថែទាំគុណភាពផ្លូវ។ លោក ឈឹម ផល្លា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅតាមដងផ្លូវឲ្យកាន់តែមានប្រសិទ្ធភាព។

សូមជម្រាបថា តាមរបាយការណ៍បានបង្ហាញថា ៧៤% នៃអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅលើផ្លូវថ្នល់។ ក្នុងឆ្នាំ២០២២ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៏ មានប្រហែល១៧០០ នាក់ និងរបួសប្រហែល ៤០០០នាក់។ ទីភ្នាក់ងារចៃកា បាននឹងកំពុងអនុវត្ត “គម្រោងកែលម្អផ្លូវជាតិលេខ៥” តាំងពីឆ្នាំ២០១៣ ហើយ ៩០% នៃការសាងសង់នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៣។ គម្រោងដែលគាំទ្រទីភ្នាក់ងារចៃការនេះ បានជួយពង្រឹងសមត្ថភាពអង្គភាពពាក់ព័ន្ធក្នុងការអនុវត្តច្បាប់ចរាចរណ៍ តាមរយៈសកម្មភាពក្នុងតំបន់សាកល្បងលើផ្លូវជាតិលេខ៥ បង្កើនសមត្ថភាពរបស់ស្ថាប័នពាក់ព័ន្ធក្នុងការលើកកម្ពស់ឥរិយាបថសុវត្ថិភាពចរាចរណ៍ផ្លូវគោកត្រូវបានកែលម្អតាមរយៈសកម្មភាពក្នុងតំបន់សាកល្បងលើផ្លូវជាតិលេខ៥៕

អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner