រដ្ឋបាលរាជធានីភ្នំពេញ រៀបចំផែនការវិនិយោគហេដ្ឋារចនាសម័្ពន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក បញ្ចៀសការជន់លិច ភូមិសាស្រ្តរាជធានីភ្នំពេញ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញនឹងពង្រីកលូប្រឡាយបង្ហូរទឹកពីតូចទៅធំ តំឡើងស្ថានីយបូមទឹកឱ្យកាន់តែធំជាងមុននិងការតំឡើងស្ថានីយបូមទឹកថ្មីថែមទៀត ដើម្បីបញ្ចៀសការជន់លិច ដោយជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ស្របពេលដែលប្រជាពលរដ្ឋរស់នៅភ្នំពេញមានភាពស៊ីវីល័យ ។
នេះជាការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំរៀបចំផែនការវិនិយោគហេដ្ឋារចនាសម័្ពន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ ជាមួយអភិបាលខណ្ឌទាំង ១៤និងមន្ទីរពាក់ព័ន្ធ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បន្តថា៖ ការប្រជុំនេះ មានគោលបំណង ប្រមូលព័ត៌មាន ជុំវិញប្រព័ន្ធលូ ប្រឡាយ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរិះរកវិធានការថ្មីៗបន្ថែមទៀត ឈានទៅរកការរំដោះទឹកក្នុងរាជធានីភ្នំពេញឱ្យបានកាន់តែល្អប្រសើរ និងប្រើប្រាស់បាន យូរអង្វែង ពិសេសការបង្វែរផ្លូវទឹកពីខេត្តកំពង់ស្ពឺ កុំឱ្យចូលមករាជធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេង បានបន្ថែមទៀតថា តាមគោល ការណែនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជធានីភ្នំពេញ ក្នុងរយៈពេល៤ឆ្នាំ ត្រូវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្រោមដី អោយបានល្អ ដោយធ្វើយ៉ាងណា កុំអោយមានការគំរាមកំហែងពីជំនន់ទឹកភ្លៀង ។ ការងារនេះរដ្ឋបាលរាជធានីភ្នំពេញនឹងប្រជុំជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ រៀបចំជាផែនការដាក់ទៅអន្តរក្រសួង ដើម្បីយើងបន្តអនុវត្តលើការងារនេះបន្តទៀត ៕


ដោយ ហេង សម្បត្តិ+ថេត វិចិត្រ