លោក Biden ទទួលស្គាល់ថា «បារម្ភ» លើជំនួយអ៊ុយក្រែន
វ៉ាស៊ីងតោន ឌីស៊ី៖ ប្រធានាធិបតីអាមេរិកបានសារភាព កាលពីថ្ងៃពុធ សប្តាហ៍នេះថា លោកមានការព្រួយបារម្ភថា ភាពចលាចលនយោបាយរបស់សហរដ្ឋអាមេរិកអាចរំខានដល់ជំនួយសម្រាប់អ៊ុយក្រែន ដែលកំពុងមានសង្គ្រាមជាមួយរុស្ស៊ី។
នៅពេលដែលសួរថា «តើការបណ្តេញប្រធានសភាមកពីគណបក្សសាធារណរដ្ឋ លោក Kevin McCarthy ដោយក្រុមអ្នកប្រកាន់ពូជសាសន៍ នៅក្នុងគណបក្សរបស់លោកផ្ទាល់អាចបង្អាក់ថវិកាបន្ថែមទៀត សម្រាប់ ជួយអ៊ុយក្រែន ឬទេ?» លោក Joe Biden
បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមានថា «ខ្ញុំបារម្ភ ប៉ុន្តែខ្ញុំដឹងថា មានសមាជិកភាគច្រើននៃសភា និងព្រឹទ្ធសភានៃគណបក្សទាំងពីរដែលបាននិយាយថា ពួកគេគាំទ្រការផ្តល់មូលនិធិ ដល់អ៊ុយក្រែន»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងចុងក្រោយដើម្បីជៀសវាងការបិទរដ្ឋាភិបាលអាមេរិក នៅចុងសប្តាហ៍មិនមានការផ្តល់មូលនិធិថ្មី សម្រាប់អ៊ុយក្រែនទេ ហើយក្តីសង្ឃឹមសម្រាប់ដំណោះស្រាយរហ័សកាន់តែមានភាពស្មុគស្មាញ ក្រោយការចាកចេញរបស់ប្រធានសភា McCarthy កាលពីថ្ងៃអង្គារ។
យ៉ាងណាមិញ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា ឆាប់ៗនេះ លោកនឹងថ្លែងសុន្ទរកថាគន្លឹះ ស្តីពីសារៈសំខាន់នៃការគាំទ្រអ៊ុយក្រែន។
លោក Biden បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា «ខ្ញុំនឹងប្រកាស ក្នុងពេលឆាប់ៗនេះនូវសុន្ទរកថាដ៏សំខាន់មួយ ដែលខ្ញុំនឹងធ្វើលើបញ្ហានេះ ហើយហេតុអ្វីបានជាវាមានសារៈសំខាន់សម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង ដែលយើងរក្សាការប្តេជ្ញាចិត្តរបស់យើង»។
ថ្មីៗនេះដែរ លោក Joe Biden ក៏បានប្រាប់បណ្តាប្រទេសសម្ព័ន្ធមិត្ត តាមទូរស័ព្ទថា លោកមាន «ទំនុកចិត្ត» ក្នុងការទទួលបានជំនួយថ្មីៗ សម្រាប់អ៊ុយក្រែន ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


