អភិបាលខេត្តកំពង់ស្ពឺ បញ្ជាក់ប្រាប់ពលរដ្ឋដែលមានដីទំនេរ គួរនាំគ្នាដាំដំណាំ ដើម្បីបង្កើនជីវភាព ជាពិសេសដាំពោត ដែលមានតម្រូវការខ្ពស់

(កំពង់ស្ពឺ)៖ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ពលរដ្ឋឱ្យនាំគ្នាដាំពោតក្រហម ខណៈក្រុមហ៊ុនផលិតចំណីសត្វស៊ីភី(CPF)ប្រមូលទិញប្រម៉ាណ ៥០ម៉ឺនតោនក្នុងមួយឆ្នាំ ។ ឯកឧត្ដមអភិបាលខេត្តលើកឡើងនេះគ្រាដែលដឹកនាំមន្ទីរជំនាញពាក់ពន្ធ័ និងអាជ្ញាធរស្រុកចុះពិនិត្យការប្រមូលផលពោតក្រហមរបស់ក្រុមហ៊ុន យេឡូហ្វៀល ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្ដម វ៉ី សំណាង បានលើកឡើងថា ពលរដ្ឋទាំងអស់មិនគួរទុកដីឱ្យទំនេរចោលទេ គួរនាំគ្នាដាំដុះដំណាំគ្រប់ប្រភេទដើម្បីទាញយកប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារ ។ មួយវិញទៀតដំណាំពោតក្រហមកំពុងមានទីផ្សារល្អ មួយតោនអាចលក់បានតំលៃជាមធ្យម ៨០ម៉ឺនរៀល ឬអាចលើសពីនេះ។ ហើយអ្វីដែលធ្វើឱ្យកសិករអ្នកផលិតកាន់តែមានទំនុកចិត្តនោះគឺមានក្រុមហ៊ុននៅចាំទទួលទិញដោយមិនឱ្យអ្នកផលិតពិបាករកទីផ្សារនោះទេ។

ជាមួយនោះដែរអភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ក្រុមហ៊ុនស៊ីភី ដែលទទួលទិញកសិផលពីកសិករ សូមរក្សាតំលៃ ពេលពួកគាត់ធ្វើបាន។ ប្រការនេះគឺដើម្បីជួយលើកទឹកចិត្តដល់អ្នកដាំ អ្នកផលិតឱ្យពួកគាត់ខិតខំបន្ត និយាយរួមអាចផលិតផ្គត់ផ្គង់តម្រូវការក្រុមហ៊ុន។ ហើយក្នុងនោះក្រុមហ៊ុនត្រូវងាកទៅប្រើប្រាស់ត្រូនកសិកម្មវិញ ដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃជំនួសការប្រើមនុស្សដែលនាំឱ្យប៉ះពាល់ដល់សុខភាព។

លោក កៅ តុលា ប្រធានបច្ចេកទេសដាំរបស់ក្រុមហ៊ុនស៊ីភី(CPF)បានឱ្យដឹងថា ក្រុមហ៊ុនបានធ្វើការដាំសាកល្បងលើផ្ទៃដី ៣០០ហិកតា លើការគ្រោងទុក ៣០០០ហិកតា ដោយដាំពោតក្រហមប្រភេទ៥០១ ។នៅក្នុងគម្រោងសាកល្បងនេះ ក្នុងមួយហិកតាទទួលផលបាន ៨តោនទៅជិត ១០តោន គិតជាប្រាក់បានប្រមាណជិត ៧លានរៀល ៕

ប្រភព ៖ ម៉ុន សំអាត

ads banner