គណៈប្រតិភូក្រសួងការពារជាតិ ចុះសួរសុខទុក្ខបងប្អូនយោធិនពិការ គូលែន៣១៧ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

(សៀមរាប)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ បាននាំប្រតិភូអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូននាយទាហាន នាយទាហានរង និងពលទាហានក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរយើងកាន់សាសនា ព្រះពុទ្ធ ប្រារព្វធ្វើបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ចំនួន ២៧៦គ្រួសារ ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់ឯកឧត្តមឧត្តសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាបរួចមក ឯកឧត្តម ឃឹម ប៊ុនសុង បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់ ប្រមុខថ្នាក់ដឹកនំា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និង ជីវភាពរស់នៅរបស់យោធិន នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទ សំខាន់ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាបទាំងអស់ នៅក្នុងរដូវបុណ្យទានប្រពៃណីជាតិ ក៏ដូចពិធីបុណ្យជាតិ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណៈប្រតិភូក្រសួងការពារជាតិ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់តែងតែចុះមកសាកសួរសុខទុក្ខដល់បងប្អូនយោធិនពិការ បាត់បង់សុពលភាពការងារ និង យោធិននិវត្តន៍នៅតាមមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការក៏ដូចនៅតាមបណ្តាកងពល និង អង្គភាពផងដែរ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានកោតសរសើរ ចំពោះវីរភាពបងប្អូនយោធិនពិការទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងស្នាដៃ និងគុណបំណាច់ជូនជាតិមាតុភូមិ ប្រកបដោយទឹកចិត្តស្នេហាជាតិ, ការលះបង់ និងពលិកម្មគ្រប់បែបយ៉ាង ក្នុងការប្រយុទ្ធការពារជាតិ និងប្រជាជនកម្ពុជា ប្តូរយកសន្តិភាពធ្វើឲ្យប្រជាជនរស់ ក្នុងសេចក្តីសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។

ឯកឧត្តមក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់លើ វិស័យពិការភាព ដោយបានដាក់ចេញ និងអនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់បងប្អូន យោធិនពិការ សំដៅធ្វើយ៉ាងណាជួយដល់បងប្អូនយោធិនពិការ និងក្រុមគ្រួសារឲ្យទទួលបានកិត្តិយស, សេចក្តីថ្លៃថ្នូរគុណភាពជីវិតល្អប្រសើរ៕

ដោយ ស៊ាន សុផាត

ads banner