សុខសន្តិភាពដែលកើតមានក្នុងប្រទេសកម្ពុជា ពិតជាមានតម្លៃ ថ្លៃថ្លាណាស់ មានសុខសន្តិភាព ទើបយើងបាន ធ្វើបុណ្យ ធ្វើ ទានតាមជំនឿសាសនា

(ខេត្តតាកែវ)៖ ឯកឧត្តម ណុប រ័ត្ននិមល បានលើកឡើងថា សុខសន្តិភាពដែលកើតមានក្នុងប្រទេសកម្ពុជា ពិតជាមានតម្លៃថ្លៃថ្លាណាស់ មានសុខសន្តិភាព ទើបយើងបានធ្វើបុណ្យធ្វើទានតាមជំនឿសាសនា ។

មានមតិសំណេះសំណាលក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តតុំ ក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ណុប រ័ត្ននិមល បានមានប្រសាសន៍ថា ដោយទឹកចិត្តសទ្ធាជ្រះថ្លារបស់នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចនី្ន ជារៀងរាល់ឆ្នាំ នៅក្នុងពិធីបុណ្យប្រពៃណីជាតិ ឯកឧត្តម និងលោកជំទាវ តែងប្រារព្ធពិធីបុណ្យនៅវត្តតុំ និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ ក្នុងកិច្ចតបស្នងដឹងគុណដល់បុព្វការីជន និងអ្នកមានគុណ។

ឯកឧត្តម បានបញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ទើបយើងបានធ្វើបុណ្យធ្វើទាន និងការគោរពប្រតិបត្តិ បូជាតាមជំនឿសាសនា។ សុខសន្តិភាព ដែលកើតមានក្នុងប្រទេសកម្ពុជាពេលនេះ ពិតជាមានតម្លៃថ្លៃថ្លាណាស់ ទោះបីជាស្ថិតក្នុងតម្លៃណាក៏ដោយ យើងត្រូវតែការពារថែរក្សាឲ្យបាន និងគង់វង្សជារៀងរហូត។ មានសុខសន្តិភាពទើបមានអ្វីៗទាំងអស់ ហើយសូមបងប្អូនប្រជាពលរដ្ឋខិតខំបង្កបង្កើនផល និងធ្វើការរកស៊ីទទួលទាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះ លោកជំទាវ ប៉ែន ចនី្ន ហ៊ីង ប៊ុនហៀង ,ឯកឧត្តម ណុប រ័ត្ននិមល និងលោកជំទាវ បានឧបត្ថម្ភថវិកាសាលាក្រុងដូនកែវ ចំនួន ២លានរៀល និងចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត មានចំនួន ៧៩១គ្រួសារ មកពី៥ភូមិ ក្នុងក្រុងដូនកែវ ខេត្តតាកែវ ផងដែរ។

បន្ទាប់មក លោកជំទាវ ប៉ែន ចនី្ន ហ៊ីង ប៊ុនហៀង ,ឯកឧត្តម ណុប រ័ត្ន និមល និងលោកជំទាវ ហ៊ីង សុខលាភ ព្រមទាំងក្រុមគ្រសារញាតិមិត្ត បានអញ្ជើញរៀបចំពិធីបង្សុកូល សូត្រមន្តរាប់បាត ឧទ្ទិសកុសលផលបុណ្យ ជូនដល់បុពការីជន មាន មហាឧបាសក ហ៊ីង ហ៊ឹន មហាឧបាសិកា តាត់ ឡឹង មហាឧបាសក នូវ វ៉ូ និងព្រឹទ្ធមហាឧបាសិកា សុខ ជុំ ព្រមទាំងញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងបានបួងសួងសុំឲ្យព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពជារៀងរហូត ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner