ក្រសួងសុខាភិបាល នឹងចាប់ផ្ដើមចុះជួយគាំទ្រ និងពង្រឹងសេវានៅតាមមណ្ឌលសុខភាពចំនួន ១៣ខេត្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាល នឹងចាប់ផ្ដើមចុះជួយគាំទ្រនិងពង្រឹងការអនុវត្តស្តង់ដារនៃការទទួលស្គាល់គុណភាពសេវានៅតាមមណ្ឌលសុខភាពចំនួន១៣ខេត្ត ដើម្បីរៀបចំផែនការនិងគោលនយោបាយសម្រាប់យកមកអនុវត្តក្នុងការពង្រីកគុណភាពសេវាមណ្ឌលសុខភាព។
តាមរយៈហ្វេសប៊ុកក្រសួងសុខាភិបាល កាលពីថ្ងៃទី៤ ខែតុលា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ក្រសួងសុខាភិបាលនឹងចាប់ផ្ដើមចុះជួយគាំទ្រជំរុញ និងពង្រឹងការអនុវត្តស្តង់ដារនៃការទទួលស្គាល់គុណភាពសេវានៅតាមមណ្ឌលសុខភាពចំនួន ១៣ខេត្ត។ ខេត្តទាំងនោះ រួមមាន ខេត្តព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនៈគិរី កំពង់ចាម កំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ ការចុះជួយគាំទ្រ និងពង្រឹងមណ្ឌលសុខភាពក្នុងខេត្តទាំងនោះ គឺដើម្បីពិនិត្យ និងពិភាក្សាអំពីផែនការ ការទទួលខុសត្រូវ តួនាទីភារកិច្ចរួម និងការពិនិត្យបញ្ជីផ្ទៀងផ្ទាត់ព័ត៌មានមណ្ឌលសុខភាពសម្រាប់យកមកអនុវត្ត។

លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា សកម្មភាពចុះជួយគាំទ្រជំរុញ និងពង្រឹងការងារនៅតាមមណ្ឌលសុខភាពនៃខេត្តទាំង១៣ នឹងត្រូវចាប់ផ្តើមចុះធ្វើដោយក្រុមការងារថ្នាក់ដឹកនាំរបស់ក្រសួងសុខាភិបាល រួមគ្នាជាមួយមន្ទីរសុខាភិបាលខេត្ត។
លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៥ ខែតុលាថា តាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សំដៅទៅលើពង្រីកនៃការផ្ដល់សេវាសុខាភិបាលនៅមូលដ្ឋាន ជាពិសេសនៅក្នុងមណ្ឌលសុខភាព ដែលជាអ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ដូច្នេះអនុវត្តតាមផែនការទាំងនេះ សម្រាប់ខេត្តត្បូងឃ្មុំ ការពង្រឹងសេវាមណ្ឌលសុខភាពទាំងអស់កន្លងមក គឺបានអនុវត្តជាប្រចាំ ដែលមានន័យថ្នាក់ដឹកនាំមណ្ឌលសុខភាព គឺបានត្រួតពិនិត្យ ប្រជុំបូកសរុបលទ្ធផលការងារ ដើម្បីធ្វើឱ្យប្រាកដថា សេវាដែលមណ្ឌលសុខភាពផ្ដល់ជូននេះ មានបានទទួលស្គាល់ពីប្រជាពលរដ្ឋកម្រិតណា។

បើតាមលោក កែវ វណ្ណៈ សេវាមណ្ឌលសុខភាព ដែលតែងតែត្រួតពិនិត្យរួមមាន សេវាពិគ្រោះជំងឺក្រៅ សេវាស្វែងរកកុមារខ្វះអាហារូបត្ថម្ភ សេវាផ្ដល់ថ្នាំបង្ការទារកនិងមាតា សេវាស្វែងរកជំងឺមិនឆ្លង ហើយនិងការទប់ស្កាត់នៃជំងឺមិនឆ្លងនានា។
លោកបន្ថែមថា ដំណើរចុះត្រួតពិនិត្យ និងពង្រឹងគុណភាពសេវានៅតាមមណ្ឌលសុខភាពរបស់ក្រសួង គឺលោកមិនទាន់ច្បាស់ទេថា នឹងចុះមកពេលណានៅក្នុងមណ្ឌលសុខភាពណាមួយឡើយ ប៉ុន្តែសម្រាប់ខេត្តត្បូងឃ្មុំ គឹមានមណ្ឌលសុខភាពសរុបចំនួន ៧៤ ហើយមានមន្ទីរពេទ្យសរុបចំនួនប្រាំពីរ ក្នុងនោះមានមន្ទីរពេទ្យខេត្តចំនួនមួយ និងមន្ទីរពេទ្យស្រុកចំនួន ប្រាំមួយ។
ជុំវិញរឿងនេះដែរ លោក យង់ គិមអេង ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានឱ្យដឹងដែរថា នេះជារឿងមួយដែលល្អ ដែលក្រសួងចុះគាំទ្រជួយពង្រឹងគុណភាពសេវាមណ្ឌលសុខភាពនៅតាមខេត្ត៕ ដោយ៖ ជា សុខនី




