ក្រុមកីឡាការិនីការ៉ាតេកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធដំបូង នៅ Asian Games លើវិញ្ញាសាសម្ដែងមេគុន

(ហាន់ចូវ)៖ កីឡាការិនី ថាត់ ឆេងហ័ង, អូន ស្រីដា និង ពុទ្ធា ស្រីណុច បានដណ្ដើមមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាសម្ដែងមេគុននារីជាក្រុម ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នៅរសៀលថ្ងៃទី០៦ ខែតុលានេះ ឆ្នាំ២០២៣។

នេះគឺជាមេដាយដំបូង ដែលអត្តពលិកកម្ពុជា ដណ្ដើមបានក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ៤ឆ្នាំម្ដងនេះ ស្របពេលកីឡាជាច្រើនបានអស់ឱកាស។ យ៉ាងណាមិញ កម្ពុជានៅសល់អត្តពលិកមួយចំនួនទៀត ដែលត្រូវបន្ដការប្រកួត ដូចជាកីឡាចំបាប់ជាដើម ។

គួរដឹងថា កម្ពុជា បានបញ្ជូនអត្តពលិក ១៧ប្រភេទកីឡា ទៅចូលរួមការប្រកួតកីឡាអាស៊ី លើកទី១៩ នៅចិន ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ រួមមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះ, បាល់បោះ, ជឺជីតស៊ូ, តេក្វាន់ដូ WT, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី ប្រធាន NOCC និងជាប្រធានប្រតិភូកីឡាកម្ពុជា អមដំណើរដោយ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner