កម្ពុជា និងហ្វីលីពីន បង្ហាញពីបំណងក្នុងការជំរុញវិស័យទេសចរណ៍ តាមរយៈការពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់
(ភ្នំពេញ)៖ កម្ពុជា និងហ្វីលីពីន បានបង្ហាញពីបំណងក្នុងការជំរុញវិស័យទេសចរណ៍ តាមរយៈការពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់ ទៅកាន់តំបន់ទេសចរណ៍ដទៃទៀត ដែលមានសក្ដានុពល ។
នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងារប្រកបដោយផ្លែផ្ការវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកជំទាវ Maria Amelita C. Aquino ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានផ្តោតការពិភាក្សាលើការទូតសេដ្ឋកិច្ច និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ការពារជាតិ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
ភាគីទាំងពីរ ក៏បានបង្ហាញពីបំណងក្នុងការជំរុញវិស័យទេសចរណ៍ តាមរយៈការពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់តំបន់ទេសចរណ៍ដទៃទៀតដែលមានសក្ដានុពលនៅកម្ពុជា និងហ្វីលីពីន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណហ្វីលីពីន ដែលបាននាំចូលអង្ករពីកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា បានសង្កត់ធ្ងន់អំពីសារៈសំខាន់ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន ឱ្យបានឆាប់តាមពេលវេលាសមស្រប ។
សូមរំលឹកថា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ពិភាក្សាការងារ និងឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានជជែកគ្នាទៅលើវិស័យជាច្រើន ដែលមានសក្តានុពលសម្រាប់ជាកម្មវត្ថុនៃការពង្រឹង និងពង្រីកសហប្រតិបត្តិការបន្ថែមរវាងកម្ពុជា និងហ្វីលីពីន, និង ដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជាតិទាំងពីរ។ វិស័យដែលមានសក្តានុពលទាំងនោះ រួមមាន៖ពាណិជ្ជកម្ម ការអភិវឌ្ឍវិស័យឯកជន, ទេសចរណ៍, ការអប់រំ និងបណ្តុះបណ្តាល, សន្តិសុខ, ការពារជាតិ, និងការតភ្ជាប់លើគ្រប់រូបភាពរវាងប្រទេសទាំងពីរ ។

ក្នុងជំនួបនេះដែរ ថ្នាក់ដឹកនាំទាំងពីរ ក៏បានបង្ហាញនូវទឹកចិត្តសោមនស្ស ចំពោះឱកាសផ្លាស់ប្តូរយោបល់ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគីនេះ ដែលជាយន្តការនៃកិច្ចសហប្រតិបត្តិការបន្ថែម លើយន្តការពហុភាគីនៃក្របខ័ណ្ឌអាស៊ាន ។ ថ្នាក់ដឹកនាំទាំងពីរ បានគោរពអញ្ជើញគ្នាទៅវិញទៅមក ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ក្នុងពេលសមស្របណាមួយ នាពេលអនាគត ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ