សិង្ហបុរីថ្កោលទោសធ្ងន់ធ្ងរចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្តែតចេញពីតំបន់ហ្កាហ្សាចូលទឹកដីអ៊ីស្រាអែល
សិង្ហបុរី៖ ប្រទេសសិង្ហបុរីបានប្រកាសថ្កោលទោសធ្ងន់ធ្ងរចំពោះការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសទៅលើប្រទេសអ៊ីស្រាអែល ហើយបានអំពាវនាវឱ្យបញ្ឈប់ជម្លោះដ៏បង្ហូរឈាមនេះជាបន្ទាន់។
អ្នកនាំពាក្យក្រសួងការបរទេសសិង្ហបុរី (MFA) បានបញ្ជាក់នៅថ្ងៃសៅរ៍ទី៧ ខែតុលានេះថា សិង្ហបុរីថ្កោលទោសធ្ងន់ធ្ងរចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងភេរវកម្មចេញពីតំបន់ហ្កាហ្សាមកលើប្រទេសអ៊ីស្រាអែល ដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជនស៊ីវិលស្លូតត្រង់ជាច្រើននាក់។
ជាមួយគ្នានេះ យើងសូមអំពាវនាវឱ្យបញ្ចប់អំពើហិង្សាជាបន្ទាន់ ហើយជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ការពារសុវត្ថិភាព និងសន្តិសុខរបស់ជនស៊ីវិល។
បច្ចុប្បន្នមិនមានរបាយការណ៍ពីពលរដ្ឋសិង្ហបុរីណាម្នាក់រងផលប៉ះពាល់ទេ ប៉ុន្តែក្រសួងការបរទេសសង្ហិបុរីបានប្រកាសឱ្យពលរដ្ឋរបស់ខ្លួន គួរតែជៀសវាងរាល់ការធ្វើដំណើរទាំងអស់ទៅកាន់ភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា





