លោក អាកាស៊ី៖ កម្ពុជាមានសមត្ថភាព ពេញលេញក្នុងការបង្កើតរដ្ឋធម្មនុញ្ញ ល្អបំផុតមួយនៅលើពិភពលោក
ភ្នំពេញ៖ លោក យ៉ាស៊ូស៊ី អាកាស៊ី(Yasushi Akashi) ប្រធានមជ្ឈមណ្ឌលសន្និសីទអន្តរជាតិក្យូតូ ប្រទេសជប៉ុន និងជាអតីតប្រធានអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ ឬអ៊ុនតាក់ (UNTAC) បានលើកឡើងថា កម្ពុជាមានសមត្ថភាព មានសមត្ថភាព ពេញលេញក្នុងការបង្កើតរដ្ឋធម្មនុញ្ញ ល្អបំផុត មួយនៅលើពិភពលោក ។
លោក Yasushi Akashi បានលើកឡើងបែបនេះ នៅក្នុងលិខិតមួយផ្ញើជូនឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញចុះកាលបរិច្ឆេទថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអបអរសាទរទិវារំលឹកខួប៣០ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លិខិតរបស់លោក Yasushi Akashi ដែលបានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែតុលា បានសរសេរថា ៖ «ខ្ញុំមានកិត្តិយសដែលទទួលបានលិខិតប្រកបដោយភាពកក់ក្ដៅបំផុតពីឯកឧត្តម ដែលអញ្ជើញខ្ញុំចូលរួមក្នុងពិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅសាលសន្និសីទកោះពេជ្រ រាជធានីភ្នំពេញ ប្រទេសកម្ពុជា»។

លោកបន្តថា លោកពិតជាចង់ចូលរួមក្នុងពិធីអបអរសាទរដោយសេចក្ដីសោមនស្សរីករាយជាខ្លាំង ដោយមានវត្តមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិព្រមជាមួយព្រះរាជវត្តមានព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហមុនី និងវត្តមានរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលនឹងថ្លែងព្រះរាជសុន្ទរកថា និងសុន្ទរកថាក្នុងព្រះរាជពិធី។
លោក អាកាស៊ី បានបន្ថែមថា លោកពិតជា មានការសោកស្តាយយ៉ាងក្រៃលែង ដែលរូបលោកមិនអាចចូលរួមក្នុងពិធីនេះបាន ដោយសារសុខភាពទន់ខ្សោយ។
លោកបញ្ជាក់ក្នុងលិខិតថា ៖ «ក្នុងនាមជាប្រធានអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) ក្នុងចន្លោះ ឆ្នាំ១៩៩២-១៩៩៣ ខ្ញុំបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងអស់ពីសមត្ថភាព ដើម្បីសម្រេចបានការអនុម័តជាស្ថាពរ នូវរដ្ឋធម្មនុញ្ញថ្មីសម្រាប់ប្រទេសកម្ពុជា។ ថ្ងៃនេះ ខ្ញុំសូមចូលរួមជាមួយប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវអន្តរជាតិ ទាំងអស់ ដើម្បីអបអរសាទរជាមួយគ្នាខួបលើកទី៣០ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជា»។
ជាមួយគ្នានេះ លោក យ៉ាស៊ូស៊ី អាកាស៊ី(Yasushi Akashi) បានរំលឹកពីសុន្ទរកថាដែលលោកបានថ្លែងនៅក្នុងសិក្ខាសាលាមួយស្តីពីរដ្ឋធម្មនុញ្ញ ដែលបានធ្វើឡើងនៅប្រទេសកម្ពុជាកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៩៣ ថា ដោយក្រលេកមើលអតីតកាលប្រកបដោយ សោកនាដកម្មនៃប្រទេសកម្ពុជា ប្រជាជនកម្ពុជាមានសមត្ថភាពពេញលេញក្នុងការបង្កើតរដ្ឋធម្មនុញ្ញដ៏ល្អបំផុតមួយនៅក្នុងពិភពលោក។
លោកបញ្ជាក់ថា ៖ «ប្រជាជនកម្ពុជាមានសមត្ថភាពពេញលេញក្នុងការបង្កើតរដ្ឋធម្មនុញ្ញដ៏ល្អបំផុតមួយនៅក្នុងពិភពលោក ដោយផ្អែកលើមូលដ្ឋានប្រវត្តិសាស្ត្រ និងទំនៀមទម្លាប់របស់ខ្លួនផ្ទាល់ រួមជាមួយនឹង ញើសនិងទឹកភ្នែក ព្រមទាំងបញ្ហាផ្សេងៗទៀតដែលកម្ពុជាបានឆ្លងកាត់»។
ទាក់ទងនឹងការលើកឡើងដូចនេះបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៨ ខែតុលា បានប្រាប់ថា នៅពេលនោះ អង្គការសហប្រជាជាតិ ដែលមាន លោក Yasushi Akashi បានមករកដំណោះស្រាយជូនកម្ពុជា និងទទួលបានជោគជ័យពីព្រោះថា អង្គការសហប្រជាជាតិមិនដែលដោះស្រាយទទួលបានជោជ័យ នៅក្នុងប្រទេសណាមួយ ដូចនៅកម្ពុជានោះទេ។
លោកបន្តថា នៅក្នុងការរកដំណោះស្រាយនៅកម្ពុជា អង្គការសហប្រជាជាតិ បានចំណាយកញ្ចប់ថវិកាជិតពីរពាន់លានដុល្លារ រហូតដល់ការរៀបចំការបោះឆ្នោត នៅក្នុងឆ្នាំ១៩៩៣ និងបានរៀបចំធម្មនុញ្ញរបស់ខ្លួន រហូតបានក្លាយពីសភាធម្មនុញ្ញ មកជារដ្ឋធម្មនុញ្ញរបស់កម្ពុជា នៅទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយត្រូវបានប្រើប្រាស់រហូតដល់បច្ចុប្បន្ន (មានរយៈពេល ៣០ ឆ្នាំ) ដែលនេះ គឺជាជោគជ័យយ៉ាងធំធេងរបស់អង្គការសហប្រជាជាតិ។
បណ្ឌិត យង់ ពៅ បានថ្លែងថា ៖ «ដោយឡែក ក្រោយពីអង្គការសហប្រជាជាតិដកចេញពីប្រទេសកម្ពុជាទៅ យើងឃើញថា ប្រទេសកម្ពុជា បានដើរនៅក្នុងវិថីប្រជាធិបតេយ្យ ដែលរក្សាគុណតម្លៃប្រពៃណីវប្បធម៌របស់ខ្លួនបាន ហើយរក្សាបាននូវស្ថេរភាព និងការអភិវឌ្ឍន៍មកដល់បច្ចុប្បន្ននេះ គឺមានរយៈពេល ៣០ ឆ្នាំមកហើយ។ នេះ ជាកត្តាសត្យានុម័តរបស់កម្ពុជា ដូចដែលគាត់ (លោក Yasushi Akashi) បានលើកឡើង»។
សូមរម្លឹកដែរថា នៅថ្ងៃទី៦ ខែតុលា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីប្រធានព្រឹទ្ទិសភា ប្រធានរដ្ឋសភា ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ៕ ដោយ៖ គឹម យុត្ថារ៉ូ