ឯកឧត្តម ឈិន កេតនា ៖ ការងារចំពោះមុខ គ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមសហការគ្នា ដើម្បីរៀបចំឱ្យបានសមស្របទាំងរូបភាពចាត់តាំង និងខ្លឹមសារសម្រាប់ការរៀបចំបុណ្យជាតិសំខាន់ ៗ
(ភ្នំពេញ) ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ កាលពីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញបើកកិច្ចប្រជុំជាមួយសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ដើម្បីពិភាក្សា ការត្រៀមលក្ខណៈរៀបចំបុណ្យជាតិសំខាន់ៗក្នុងនោះមាន៖ បុណ្យខួប អនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ និង ដើម្បីពិភាក្សាពីភារកិច្ចត្រូវត្រៀមលក្ខណៈរៀបចំព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ។

ឯកឧត្តម ប្រធានអង្គប្រជុំ បានលើកឡើងពីការងារចំពោះមុខ ដែលគ្រប់អនុគណៈកម្មការ គណៈលេខាអចិន្ត្រៃយ៍ និងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាល រាជធានី និងគ្រប់ខេត្ត ត្រូវរួមសហការគ្នា ដើម្បីរៀបចំឱ្យបានសមស្របទាំងរូបភាពចាត់តាំង និងទាំងខ្លឹមសារនៃការ រៀបចំខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៩-១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចាត់តាំងរៀបចំមីទ្ទិងមហាជន នៅមុខ ព្រះបរមរាជវាំង ព្រមទាំងពិភាក្សាពីភារកិច្ចត្រូវត្រៀមលក្ខណៈរៀបចំព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។

សូមជម្រាបជូនថា ការរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ជាព្រឹត្តិការណ៏ប្រវត្តិសាស្ត្រមួយដ៏មានអត្ថន័យ នៅក្នុងដួងចិត្តប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសបានឆ្លុះបញ្ចាំងកាន់តែច្បាស់អំពីការ រំដោះប្រទេសឲ្យរួចផុតពីរបបអាណានិគមនិយមបារាំង ហើយទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ ស្ថិតក្នុងដំណាក់កាលដែលប្រទេសជាតិ មានសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំបន្តវេនដ៏ឈ្លាសវៃ និងប៉ិនប្រសប់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនឹងការរីកលូតលាស់ នៃលទ្ធិប្រជាធិបតេយ្យ ព្រមទាំងមានការអភិវឌ្ឍលើគ្រប់វិស័យ ។

ដោយឡែកព្រះរាជពិធីបុណ្យអុំទូក ត្រូវបានគេតំណាលថា ជាពិធីបុណ្យរំលឹកដល់ការដឹងគុណ ចំពោះកងទ័ពជើងទឹករបស់កម្ពុជា ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំងខ្មែរ-ចាម នាស.វទី ១២ ក្នុងរាជ ព្រះបាទ ជ័យវរ្ម័នទី៧ ក្នុងរវាងឆ្នាំ ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.សករាជ ។ ឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដល់មហោឡារិកនិងអធិកអធមជាទីបំផុត ក្រោមម្លប់សន្តិភាព។
ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ ក៏បានសំណូមពរអោយគ្រប់ សមាជិក សមាជិកា អង្គប្រជុំទាំងអស់ រាយការណ៍ជូនថ្នាក់ដឹកនាំ ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងអភិបាលរាជធានី-ខេត្ត បានជ្រាប និងចាត់តាំងអនុវត្តតាមស្មារតីនៃអង្គប្រជុំឱ្យសម្រេចលទ្ធផលល្អប្រសើរ៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា