រដ្ឋមន្ត្រីការបរទេសកម្ពុជា និងទូតវៀតណាម ជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅលើវិស័យនានា ដែលជាផលប្រយោជន៍រួម
(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតវៀតណាម បានពិភាក្សាគ្នាដោយជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យនានា ដែលជាផលប្រយោជន៍រួម ។ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Nguyen Huy Tang ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា បានជំរុញដូច្នេះក្នុងជំនួបពិភាក្សាការងារ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួង។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងរវាងកម្ពុជា និងវៀតណាម ដែលបានលូតលាស់ឥតឈប់ឈរលើគ្រប់កម្រិត ដោយឈរលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ព្រមទាំងកិច្ចសហប្រតិបតិ្តការយូរអង្វែងនិងគ្រប់ជ្រុងជ្រោយ ។
សូមរំលឹកថា កម្ពុជា និងវៀតណាម បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ។ ក្នុងអំឡុងពេលជាង ៥០ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរ បានឆ្លងកាត់ដំណាក់កាលនៃប្រវត្តិសាស្ត្រជាច្រើន ហើយប្រទេសទាំងពីរ បានពុះពារជម្នះលើបញ្ហាប្រឈមធំៗ និងបានធ្វើឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ សម្រេចបានសមិទ្ធផលដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រយ៉ាងច្រើន ដែលមិនអាចកាត់ថ្លៃបាន ។

ដោយឡែកទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម បានបង្ហាញសញ្ញាវិជ្ជមាន ដោយក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៣ មានទឹកប្រាក់សរុបជិត ២,៩ពាន់លានដុល្លារ កើនជិត ៣ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ ខណៈការនាំទំនិញពីកម្ពុជា ទៅវៀតណាម កើនជិត ២៣ ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

តារាងស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ពីខែមករា ដល់ ខែឧសភា ឆ្នាំ២០២៣ ការផ្លាស់ប្តូរទំនិញរវាងប្រទេស ដែលមានព្រំដែនជាប់គ្នានេះ មានទឹកប្រាក់សរុប ២ ៨៧០,៥៩លានដុល្លារ កើនឡើង ២,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ដែលមាន ២ ៧៨៩,៤១លានដុល្លារ។ បើតាមតារាងខាងលើគឺការនាំចេញទំនិញពីកម្ពុជា ទៅវៀតណាម មានទឹកប្រាក់ ១ ៣២៣,៨៥ លានដុល្លារ កើនឡើង ២២,៧ ភាគរយពីចំនួន ១ ០៧៩,០១លានដុល្លារ និងទំនិញវៀតណាម នាំមកកម្ពុជា ១ ៥៤៦,៧២លានដុល្លារ ធ្លាក់ចុះ ៩,៦ភាគរយ ពីចំនួន ១ ៧១០,៤លានដុល្លារ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ