ការបាញ់ប្រហារនៅប្រទេសថៃ បន្សល់ទុកទាំងរបួស និងភាពភ័យខ្លាចដល់ជនរងគ្រោះ

ថៃ៖ កាលពីថ្ងៃទី៣ ខែតុលាកន្លងទៅ ហេតុការណ៍បាញ់កាំភ្លើងនៅក្នុងផ្សារទំនើបរបស់ថៃមួយ បានបង្កជាការភ្ញាក់ផ្អើលជាខ្លាំង។ ក្មេងប្រុសម្នាក់ដែលមានអាយុត្រឹមតែ ១៤ឆ្នាំនោះ បានបាញ់ សម្លាប់មនុស្សចំនួន ២នាក់ និងធ្វើឱ្យមនុស្ស៥នាក់ទៀតរងរបួស។

ក្នុងចំណោមអ្នករងរបួសទាំង៥នាក់ ស្ត្រីជនជាតិថៃម្នាក់បានចែករំលែកអំពីហេតុការណ៍បាញ់ប្រហារ ដ៏រន្ធត់កន្លងទៅនេះ។

បើតាមការឱ្យដឹងពីស្រ្តីឈ្មោះ Anyapat Thipjirasakul ក្នុងអំឡុងពេលដែលមានការផ្អើលឈូឆរ នាងបានរត់ឡើងជណ្ដើរយន្ដ (ជណ្ដើរជើង) ដែលនាងគិតថានឹងមានសុវត្ថិភាព ប៉ុន្តែនាងបែរជាប្រទះនឹងក្មេងប្រុស ១៤ឆ្នាំរូបនោះ ដែលកំពុងឈរនៅចុងម្ខាងទៀតនៃជណ្ដើរយន្ដ។

កំពុងសម្រាកនៅមន្ទីរពេទ្យបណ្ដើរ ស្ត្រីរូបនេះបន្តរៀបរាប់ថា ៖ «គ្រាន់តែឃើញក្មេងប្រុសនោះភ្លាម ខ្ញុំប្រញាប់រត់ចុះតាមជណ្ដើរយន្ដយ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបាន។ ខ្ញុំបានលឺ សម្លេងកាំភ្លើងប្រមាណជា៤គ្រាប់ ហើយមានគ្រាប់មួយដែលត្រូវចំស្មាខាងឆ្វេងរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាឈឺជាខ្លាំង ក៏ប៉ុន្តែខ្ញុំមិនអាចឈប់បាននោះទេ»។

ស្ត្រីរូបនេះបន្តទៀតថា ៖ «ខ្ញុំបានលោតចុះតាមជណ្ដើរយន្ដតែម្ដង ពេលនោះខ្ញុំដួលជាច្រើនត្រឡប់ ប៉ុន្តែខ្ញុំត្រូវតែរត់បន្តទៀត ព្រោះខ្ញុំខ្លាចថាគេនឹងចុះមកក្រោមតាមខ្ញុំ»។

ហេតុការណ៍នេះបានធ្វើឱ្យស្ត្រីរូបនេះ ប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំង ដោយមិនអាចគេងបានឡើយនៅយប់ទី១នៃហេតុការណ៍។

Anyapat Thipjirasakul បានរៀបរាប់បន្តថា ៖ «វាពិតជាស្ថានការណ៍ដ៏អាក្រក់ ដែលខ្ញុំមិនអាចសូម្បីតែបិទភ្នែកគេង។ សម្លេងកាំភ្លើង និងមុខមាត់របស់ក្មេងប្រុសនោះ នៅដក់ជាប់ក្នុងខួរក្បាលខ្ញុំតែម្ដង»។

ស្ត្រីម្នាក់ទៀតឈ្មោះ Penpiwan Mitthampitak ដែលជាជនរងគ្រោះដែរនោះ ពេលនេះកំពុងស្ថិត ក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នកស្រី ត្រូវបានបាញ់ចំនួន៣គ្រាប់ ដោយមួយគ្រាប់ត្រូវចំក្បាល និងពីរគ្រាប់ទៀតចំទ្រូងខាងស្ដាំ។

ចំណែកស្ត្រីជនជាតិចិន ឈ្មោះ Li Sha ដែលមានអាយុ៣០ឆ្នាំ ក៏ត្រូវចំនួនពីរគ្រាប់ ប៉ុន្តែស្ថានការណ៍របស់ស្ត្រីរូបនេះ គឺបានធូរស្រាលហើយ។

ស្ត្រីជនជាតិឡាវម្នាក់ទៀត ត្រូវបានបាញ់ចំស្មា និងដែលពេលនេះកំពុងស្ថិតក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ដោយសារតែសរីរាង្គខាងស្ដាំរបស់ជនរងគ្រោះរូបនេះខ្សោយ និងពិបាកក្នុងការធ្វើចលនា។

បុរសជនជាតិថៃ Wichen Vijikhaki ក៏ត្រូវបានបាញ់ចំខ្នង ប៉ុន្តែពេលនេះមានសុវត្ថិភាពហើយ។ យ៉ាងណាមិញ ជនរងគ្រោះ២នាក់ដែលបានបាត់បង់ជីវិតគឺ ម្នាក់ជាជនជាតិចិន អាយុ ៣៤ឆ្នាំ បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍តែម្ដង។ ម្នាក់ទៀតជាស្ត្រីជនជាតិមីយ៉ាន់ម៉ា ដែលបានបាត់បង់ជីវិតក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

គួរបញ្ជាក់ថា សំបកគ្រាប់កាំភ្លើងប្រមាណ ៤០គ្រាប់ ត្រូវបានរកឃើញ ដែលភាគច្រើនត្រូវបានបាញ់នៅជាន់ទី២ និងទី៣នៃផ្សារទំនើប។

ប៉ូលិសបានសន្និដ្ឋានថា ជនបង្កមានការរៀបចំផែនការ ច្បាស់លាស់សម្រាប់ការបាញ់ប្រហារនោះ ប៉ុន្តែក៏មិនទាន់មានការបញ្ជាក់ណាមួយអំពីស្ថានភាព ផ្លូវចិត្តដែលអាចជំរុញឱ្យក្មេងប្រុសអាយុត្រឹមតែ១៤ឆ្នាំម្នាក់ អាចធ្វើរឿងនេះបាននៅឡើយទេ៕ ដោយ៖ កែវ បុស្បា

ads banner