ទូតស្វីស សន្យាជាមួយរដ្ឋមន្ត្រីការងារ បន្តជួយជ្រោមជ្រែងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា
ភ្នំពេញ៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយ ឯកឧត្តម PEDRO ZWAHLEN អគ្គរដ្ឋ ទូតស្វីសប្រចាំនៅកម្ពុជា ថៃ ឡាវ នាថ្ងៃទី០៩ តុលា នៅទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីស ដែលបានជួយបណ្តុះបណ្តាលវិស័យបច្ចេកទេសដល់គ្រូឧទ្ទេស និងសិក្ខាកាមរបស់កម្ពុជា ជាពិសេសការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈបៃតង នៅតាមតំបន់ភូមិភាគឦសាន្តរបស់កម្ពុជាលើជំនាញ ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការជួសជុលថែទាំទោចក្រយានយន្ត ការងារកំបោរ និងការងារការ៉ូ និងជួសជុល អគ្គិសនីទូទៅជាដើម ។
ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានព្រមព្រៀងដើម្បីពិភាក្សាបន្ថែមលើការពង្រាងច្បាប់ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈសម្រាប់កម្ពុជា ក្រោយភាគីទាំងពីរបានចុះកិច្ចព្រមពៀង ។
ក្រៅពីវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណបន្ថែមទៀតចំពោះរដ្ឋាភិបាលស្វីស ដែលបានជួយគាំទ្រ និងការបណ្តុះបណ្តាលសមត្ថភាពយុវជនកម្ពុជាចំពោះគម្រោងការទទួលបានការងារសមរម្យដែលបានអនុវត្តតាំងពីឆ្នាំ២០១៧ តាមរយៈទីភ្នាក់ងារជាតិ និងមុខរបរនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងកិច្ចសន្ទនាប្រកបដោយភាពស្និទ្ធស្នាលនោះ ឯកឧត្តមអគ្គរដ្ឋទូត បានសន្យាជាមួយឯកឧត្តមរដ្ឋមន្ត្រី បន្តគាំទ្រការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីកសាងសមត្ថភាពសិក្ខាកាមកម្ពុជាឱ្យរីកចម្រើនបន្ថែមទៀត។
ភាគីទាំងពីរ ក៏បានជជែកពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលមានភាពចាំបាច់ ក្នុងដំណើរការសង្វាក់ផលិតកម្មសេដ្ឋកិច្ច ក្នុងក្របខណ្ឌប្រទេសកម្ពុជា និងស្វីស ៕
ដោយ វណ្ណលុក





