លោក បៃដិន៖ ពលរដ្ឋអាមេរិក ១១នាក់បានស្លាប់ និងមួយចំនួនទៀតត្រូវក្រុមហាម៉ាស់ចាប់ជាចំណាប់ខ្មាំង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃទី៩ ខែតុលា បានថ្លែងថា ពលរដ្ឋអាមេរិក ១១នាក់បានស្លាប់ និងមួយចំនួនទៀតត្រូវបានក្រុមហាម៉ាស់ចាប់ខ្លួនធ្វើជាចំណាប់ខ្មាំង បន្ទាប់ពីការវាយប្រហារដ៏គួឱ្យភ្ញាក់ផ្អើលមួយប្រឆាំងនឹងអ៊ីស្រាអែល។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនដែលបានបញ្ជូននាវាផ្ទុកយន្តហោះដ៏ធំបំផុតរបស់ខ្លួន និងនាវាចម្បាំងផ្សេងទៀត ខិតទៅជិតប្រទេសអ៊ីស្រាអែល ក្នុងការបង្ហាញការគាំទ្រនោះ កំពុងធ្វើការជាមួយសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន លើកិច្ចខិតខំប្រឹងប្រែងសង្គ្រោះចំណាប់ខ្មាំង។

លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីបានជួបក្រុមសន្តិសុខជាតិរបស់គាត់នៅឯសេតវិមានថា គួរឱ្យសោកស្តាយ ឥឡូវនេះយើងដឹងថា យ៉ាងហោចណាស់មានពលរដ្ឋអាមេរិកចំនួន ១១នាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់។ ទន្ទឹមគ្នា ពលរដ្ឋអាមេរិកមួយចំនួនក៏អាចស្ថិតក្នុងចំណោមអ្នកដែលត្រូវបានក្រុមហាម៉ាស ចាប់ខ្លួនធ្វើជាចំណាប់ខ្មាំងផងដែរ។

គួរបញ្ជាក់ថា ទាំងលោក បៃដិន និងមេដឹកនាំបារាំង អាល្លឺម៉ង់ អ៊ីតាលី និងអង់គ្លេស បានសន្យាគាំទ្រដល់សម្ព័ន្ធមិត្តអ៊ីស្រាអែល ខណៈដែលចំនួនអ្នកស្លាប់នៅទីនោះបានកើនឡើងដល់ ៨០០នាក់ ហើយនៅតំបន់ហ្គាហ្សា មនុស្ស ៦៨៧នាក់បានស្លាប់។ ជាមួយគ្នានេះ ក្រុមហាម៉ាស់បានចាប់មនុស្សធ្វើជាចំណាប់ខ្មាំងប្រហែល ១៥០នាក់ ហើយបានគម្រាមសម្លាប់ពួកគេ ប្រសិនបើការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបន្តកំណត់គោលដៅលើអ្នករស់នៅតំបន់ហ្គាហ្សា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner