សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលកម្ពុជា បានកំពុងធ្វើការងារជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីធ្វើយ៉ាងណា ឱ្យនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ទទួលបានការការពារ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា សុវត្ថិភាពរបស់និស្សិតខ្មែរយើង ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល គឺជាអាទិភាពធំបំផុតក្នុងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានកំពុងធ្វើការងារជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីធ្វើយ៉ាងណា ឱ្យនិស្សិតកម្ពុជា ទទួលបានការការពារ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាកដូច្នេះ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅសណ្ឋាគារសុខាភ្នំពេញ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សុវត្ថិភាពរបស់និស្សិតកម្ពុជា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាលនៅក្នុងដំណាក់កាលនៃការប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ីស្រាអែល។ សម្តេច បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានធ្វើការងារជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីធ្វើយ៉ាងណា ឱ្យនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ទទួលបានការការពារ ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវស្រង់ទិន្នន័យឲ្យបានច្បាស់លាស់ ចំពោះនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ថាគាត់នៅទីណាឲ្យច្បាស់ ដើម្បីងាយស្រួលទាក់ទងគាត់ និងជួយអន្តរាគមន៍ពួកគាត់ឲ្យបានទាន់ពេលវេលា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពេលនេះ បងប្អូននិស្សិតខ្មែរ ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ត្រូវបានប្រមូលជាក្រុមតេលេក្រាមមួយ ដើម្បីទទួលព័ត៌មានច្បាស់លាស់ថា ពួកគាត់នៅទីណាខ្លះ ហើយនៅតំបន់ក្រហមប៉ុន្មាននាក់ និងកន្លែងសុវត្ថិភាពបំផុតប៉ុន្មាននាក់ ។

សម្តេចធិបតី បានមានប្រសាសន៍ទៀតថា បច្ចុប្បន្ន មាននិស្សិតកម្ពុជា ចំនួន៤៥៤នាក់ កំពុងស្ថិតនៅប្រទេសអ៊ីស្រាអែល ក្នុងនោះមានជាង ៣០០នាក់ ត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព និងជាង ១០០នាក់ទៀត មិនទាន់បានជម្លៀសចេញ។

ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានចូលរួមរំលែកទុក្ខ ចំពោះនិស្សិតខ្មែរម្នាក់ ដែលបានបាត់បង់ជីវិត នៅក្នុងការផ្ទុះឡើងនៃការវាយប្រហារគ្នា រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនផងដែរ។ សូមជម្រាបថា ការវាយប្រហារតបតគ្នាទ្រង់ទ្រាយធំ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានកើតឡើងកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅនេះ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner