លោក ចូ បៃដិន និយាយថាពលរដ្ឋអាមេរិក ១១នាក់បានស្លាប់ក្នុងជម្លោះនៅអ៊ីស្រាអែល

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃទី៩ ខែតុលា ថា ពលរដ្ឋអាមេរិកចំនួន ១១ នាក់បានស្លាប់នៅ​ក្នុងសង្គ្រាមនៅប្រទេសអ៊ីស្រាអែល ហើយពលរដ្ឋអាមេរិកមួយចំនួនទៀតដែលមិនស្គាល់អត្តសញ្ញាណ នៅតែបន្តបា​ត់ខ្លួននៅឡើយ។​

ប្រធានាធិបតី បៃដិន បានថ្លែងថា លោកមានការសោកស្ដាយយ៉ាងខ្លាំងដែលបានដឹងថាពលរដ្ឋអាមេរិកចំនួន ១១ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារពីសំណាក់ក្រុមហាម៉ាស់ប្រឆាំងនឹងអ៊ីស្រាអែល។ លោកក៏​បាន​ចូលរួម​រំ​លែក​​ទុក្ខ​ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ និងបានប្រកាស​ថ្កោលទោស​ចំពោះ​ការ​វាយ​ប្រហារមួយ​នេះ។

លោកបានកត់សម្គាល់ថា ជនរងគ្រោះដែលជាជនជាតិអាមេរិកជាច្រើន សុទ្ធតែជាពលរដ្ឋដែលបានសម្រេចសាងស​ង់ផ្ទះ​ទីពីររបស់ពួកគេ ដើម្បីរស់នៅក្នុងប្រទេសអ៊ីស្រាអែលតែម្ដង។​

លោក បៃដិន បានមានប្រសាសន៍​ថា ៖ «វាជារឿង​ដែលអាច​ទៅ​រួច​ដែលថា​​​ពលរដ្ឋ​អាមេរិក​មួយចំនួនអាច​នឹង​ត្រូវ​ក្រុម​ហា​ម៉ាស់​ចាប់​ជា​ចំណាប់​ខ្មាំង»។ លោកបាន​បញ្ជាក់ថា អាមេរិកកំពុងសហការធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរអ៊ីស្រា​អែលទៅលើរឿងនេះ។​

លោកបានរំលេចថា រឿងនេះ​មិន​មែន​ជា​បញ្ហា​ដែលកំពុងកើតឡើងនៅឆ្ងាយពីសហរដ្ឋអាមេរិក​នោះ​ទេ។ ទំនាក់ទំនងរ​វាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅតែមានភាពរឹងមាំ។ សោកនាដកម្មនៅក្នុងប្រទេសអ៊ីស្រាអែលនេះ ជាការផ្សារភ្ជា​ប់ទៅនឹងរឿងរ៉ាវប្រវត្តិសាស្ត្រនៃការរើសអើង អរិភាព និងការធ្វើបាបដែលប្រជាជនជ្វីហ្វបានប្រឈមមុខអស់រយៈពេ​លជាច្រើនឆ្នាំ។ វាជាការឆ្លុះបញ្ចាំងឱ្យឃើញពីការរងទុក្ខលំបាករបស់ជនជាតិជ្វីហ្វក្នុងអតីតកាល នៅក្នុងព្រឹត្តិការណ៍ដែលកំពុងកើតមាននាពេលបច្ចុប្បន្ន។​

​នៅ​ម៉ោង ១ រសៀល​ថ្ងៃ​អង្គា​រនេះ លោក​ប្រធានាធិបតី បៃដិន នឹង​ថ្លែង​សុន្ទរកថា​ស្តីពី​ព្រឹត្តិការណ៍ដែលកំពុងកើតមានឡើងនៅអ៊ីស្រាអែលម្ដងទៀត។ រហូតមកទល់ពេលនេះ រដ្ឋាភិបាល​អាមេរិក​មិន​ទាន់ពិចារណា​ជម្លៀស​ពលរដ្ឋ​អាមេរិក​ចេញ​ពី​អ៊ីស្រាអែលនៅឡើយទេ ប៉ុន្តែអាមេរិក​កំពុង​ផ្តល់​ជំនួយផ្នែក​កុងស៊ុល និង​ចេញការព្រមានអំពីស្ថានភាព​សន្តិសុខនៅក្នុងប្រទេសអ៊ីស្រាអែល។ យ៉ាងណាក៏ដោយ ជនជាតិអាមេរិកណាដែលចង់ចាកចេញពីអ៊ីស្រាអែល អាចធ្វើដំណើរចេញបានតាមជើងហោះហើរពាណិជ្ជកម្ម ឬតាមផ្លូវគោក។​

ក្រុមមន្ត្រីអាមេរិកកំពុងព្យាយាមស្វែងរកថា តើជនជាតិអាមេរិកប៉ុន្មាននាក់ដែលត្រូវបានសម្លាប់ ឬត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងដោយក្រុមហាម៉ាស់។ សហរដ្ឋ​អាមេរិកក៏​កំពុង​ផ្តល់​ជំនួយ​ដល់​អ៊ីស្រាអែល​ក្នុង​ការ​ស៊ើប​អង្កេត និង​រៀបចំ​ផែនការ​ជួយ​សង្គ្រោះ​ចំណាប់ខ្មាំងទាំងអស់នោះផងដែរ។ គួរបញ្ជាក់ថា ជំនួយនេះនឹងមិនរាប់បញ្ចូលទាហានអាមេរិកដែលកំពុងមានវត្តមានស្រាប់នៅលើដីអ៊ីស្រាអែលនោះទេ។​

បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក​កំពុង​ធ្វើការ​ជាមួយប្រទេស​កាតា និងបណ្ដាប្រទេសមួយចំនួនទៀត ដើម្បី​សម្រុះសម្រួល​ជាមួយ​ក្រុម​ហាម៉ាស់ និង​ជួយ​សង្គ្រោះ​ដល់ចំណាប់ខ្មាំង​អាមេរិក​នៅ​តំបន់ហ្កាហ្សា។ លើសពីនេះ អាមេរិកក៏កំពុងផ្តល់ជំនួយយោធាបន្ថែមដល់ប្រទេសអ៊ីស្រាអែលផងដែរ។​

ខណៈពេលនេះផងដែរ សហរដ្ឋអាមេរិកកំពុងបញ្ជូននាវាចម្បាំងដ៏ធំមួយទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីបង្ហាញពីការគាំទ្ររបស់ខ្លួនចំពោះអ៊ីស្រាអែល ប៉ុន្តែអ្នកទទួលខុសត្រូវទៅលើប្រតិបត្តិការកងទ័ពជើងទឹកអាមេរិកនៅក្នុងតំបន់នេះ នៅមិនទាន់ត្រូវបានចាត់តាំងនៅឡើយទេ ដោយសារតែជម្លោះនយោបាយផ្ទៃក្នុងអាមេរិកកំពុងមានភាពចម្រូងចម្រាស។​

រដ្ឋាភិបាល​អាមេរិក​កំពុង​ព្យាយាម​រក​វិធី​ជួយដល់ប្រទេស​អ៊ីស្រាអែល ប៉ុន្តែ​វា​ពិបាក​ក្នុង​ការ​ធ្វើ​ទៅរួច ព្រោះសភា​តំណាង​រាស្ត្រ​អាមេរិកនៅ​មិនទាន់មានប្រធាន​អចិន្ត្រៃយ៍​នៅឡើយទេ។ រដ្ឋាភិបាលអាមេរិកនឹងប្រើប្រាស់ថវិកាដែលមានស្រាប់របស់ខ្លួនមួយចំនួនប្រមាណជា ១០០ លានដុល្លារ ដើម្បីជួយដល់អ៊ីស្រាអែលសិន ហើយនឹងអនុម័តជំនួយថវិកាបន្ថែមទៀតនៅពេលដែលសភាអាមេរិកមានលំនឹង៕​

ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖​ CNN Politics 11 US citizens dead in Israel conflict, Biden says

ads banner