ប្រធានាធិបតីរុស្ស៊ីថា ការបង្កើតរដ្ឋប៉ាឡេស្ទីនជា «ភាពចាំបាច់»
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ សប្តាហ៍នេះ បាននិយាយថា ការបង្កើត «រដ្ឋប៉ាឡេស្ទីនឯករាជ្យ» គឺជាភាពចាំបាច់។
លោក វ្ល៉ាឌីមៀ ពូទីន បានបន្ថែមទៀតថា ជម្លោះរវាងអ៊ីស្រាអែល និងហ្គាហ្សា បានបង្ហាញពីការបរាជ័យនៃគោលនយោបាយមជ្ឈិមបូព៌ា របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ ប្រធានាធិបតីរុស្ស៊ីរូបនេះបានធ្វើការអត្ថាធិប្បាយដូច្នេះ ក្នុងពេលលោកទទួលជួបជាមួយ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mohammed Shia al-Sudani ក្នុងទីក្រុងមូស្គូ។
លោក ពូទីន បាននិយាយអំពីភាពចាំបាច់ ដើម្បីអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការបង្កើតរដ្ឋប៉ាឡេស្ទីន អធិបតេយ្យភាព ឯករាជ្យ។
មួយថ្ងៃមុននេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយដែរថា ការបង្កើតរដ្ឋប៉ាឡេស្ទីន គឺជាដំណោះស្រាយ «គួរឱ្យទុកចិត្តបំផុត» សម្រាប់សន្តិភាព នៅអ៊ីស្រាអែល។
ជាមួយគ្នានេះ វិមានក្រឹមឡាំងបាននិយាយ កាលពីថ្ងៃអង្គារ សប្តាហ៍ថា គម្រោងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmud Abbas ទៅកាន់ប្រទេសរុស្ស៊ី ដែលបានគ្រោងទុក មុនពេលការវាយប្រហាររបស់ពួកហាម៉ាស លើអ៊ីស្រាអែល ត្រូវបានរៀបចំឡើង ប៉ុន្តែមិនបានផ្តល់កាលបរិច្ឆេទទេ។
លោក ពូទីន ក៏បាននិយាយដែរថា «ខ្ញុំគិតថាមនុស្សជាច្រើននឹងយល់ស្របជាមួយខ្ញុំថា វាជាឧទាហរណ៍ច្បាស់លាស់នៃការបរាជ័យនៃនយោបាយអាមេរិក នៅមជ្ឈិមបូព៌ា»។ លោក ពូទីន អះអាងថា សហរដ្ឋអាមេរិកបានព្យាយាមធ្វើនិយតកម្មផ្តាច់មុខ សំដៅលើ«ជម្លោះ» ប៉ុន្តែជាអកុសល មិនបានស្វែងរកការសម្របសម្រួល ដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរនោះទេ។
លោក ពូទីន បាននិយាយថា លោកខាងលិចមិនបានគិតគូរពីផលប្រយោជន៍ជាមូលដ្ឋាន របស់ប្រជាជនប៉ាឡេស្ទីនទេ។ ទីក្រុងមូស្គូបាននិយាយ ដោយបង្ហាញពីការព្រួយបារម្ភថា ពួកបរទេសអាចហក់ចូលទៅក្នុងជម្លោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំង ទៅទីតាំងក្បែរនឹងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលសំដៅលើប្រទេស អ៊ីស្រាអែល៕ ប្រភពពី Daily Sun ប្រែសម្រួល៖ សារ៉ាត

