ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញគោរពព្រះវិញ្ញាណ ក្ខន្ធព្រះបរមរតនកោដ្ឋ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៥ ខែតុលា ប្រតិភូសហភាពសហព័ន្ធយុវជន កម្ពុជា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក.) អញ្ជើញដឹកនាំគណៈប្រតិភូ ស.ស.យ.ក . គោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ក្នុងទិវាប្រារព្ធព្រះរាជពិធី គោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១១ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៣) នៃការយាងសោយព្រះទិវង្គតរបស់ ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះ បរមរូប វិមានឯករាជ្យ រាជធានីភ្នំពេញ ។
សូមរំលឹកថា ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។ ទ្រង់យាងចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ១ និង ២០នាទី យប់ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងជន្មាយុ ៩០ព្រះវស្សា។
ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ, រាជរដ្ឋាភិបាលនៃកម្ពុជា បានយកថ្ងៃទី១៥ ខែតុលា ជាថ្ងៃបុណ្យជាតិ និងជាថ្ងៃកាន់មរណទុក្ខរបស់ប្រជាពលរដ្ឋ ខ្មែរ ទាំងមូល។ នៅថ្ងៃទី១៥ តុលា ទៀតសោត ទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង ស្ថាប័ន និងប្រជារាស្រ្តទូទាំងប្រទេស តែងតែប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ៕
អត្ថបទ៖ វណ្ណលុក



