ប្រតិភូកាកបាទក្រហមកម្ពុជាអញ្ជើញថ្វាយកម្រងផ្កា និងគោរពព្រះ វិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី ១៥ ខែតុលា ឆ្នាំ២០២៣នេះ គណៈប្រតិភូ កាក បាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានអញ្ជើញចូលរួមក្នុងពិធីថ្វាយកម្រងផ្កា និងគោរព ព្រះ វិញ្ញាណក្ខន្ធខួប ១១ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ឯករាជ្យ បូរណភាពទឹកដី និងឯកភាព ជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ ។
សូមរំលឹកថា ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។ ទ្រង់យាងចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ១ និង ២០នាទី យប់ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិត ចិនក្នុង ជន្មាយុ ៩០ព្រះវស្សា។
ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ, រាជរដ្ឋាភិបាលនៃកម្ពុជា បានយកថ្ងៃទី១៥ ខែតុលា ជាថ្ងៃបុណ្យជាតិ និងជាថ្ងៃកាន់មរណទុក្ខរបស់ប្រជាពលរដ្ឋ ខ្មែរ ទាំងមូល។ នៅថ្ងៃទី១៥ តុលា ទៀតសោត ទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង ស្ថាប័ន និងប្រជា រាស្រ្តទូទាំងប្រទេស តែងតែប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ៕
អត្ថបទ៖ វណ្ណលុក


