លោក វ៉ាង យី៖ ចិនថ្កោលទោសរាល់អំពើហិង្សាលើជនស៊ីវិល ក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់
ប៉េកាំង៖ ប្រមុខការទូតចិន បាននិយាយថា ប្រទេសចិននឹងបន្តឈរនៅម្ខាងនៃច្បាប់អន្តរជាតិ សន្តិភាព និងយុត្តិធម៌ ដោយថ្កោលទោសរាល់អំពើហឹង្សាលើជនស៊ីវិល ក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានគូសបញ្ជាក់ថា ប្រទេសចិនថ្កោលទោសរាល់ទង្វើដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ហើយប្រឆាំងនឹងការរំលោភច្បាប់អន្តរជាតិ។ ការអះអាងបែបនេះធ្វើឡើងនៅពេលលោកបានជួបជាមួយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប គឺលោក ចូសេប បូរ៉ែល ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រសប្តាហ៍មុន។

លោក វ៉ាង បាននិយាយថា ស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា គឺ “កាន់តែយ៉ាប់យ៉ឺន” និង “ធ្ងន់ធ្ងរ” រួចទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រមុខការទូតចិនរូបនេះបានទទូចថា មូលហេតុឫសគល់នៃជម្លោះនេះ គឺដោយសារការពន្យារពេលដ៏យូរ ក្នុងការសម្រេចក្តីសុបិននៃរដ្ឋឯករាជ្យមួយរបស់ប៉ាឡេស្ទីន និងការបរាជ័យក្នុងការដោះស្រាយភាពអយុត្តិធម៌ជាប្រវត្តិសាស្ត្រ ដែលប្រជាជនប៉ាឡេស្ទីនរងទុក្ខវេទនា។

លោក វ៉ាង បន្ថែមថា សម្រាប់ទីក្រុងប៉េកាំង អាទិភាពកំពូលគឺបញ្ឈប់ការប្រយុទ្ធឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ការរីករាលដាលដោយគ្មានទីបញ្ចប់ ក៏ដូចជាខិតខំប្រឹងប្រែងធានាសុវត្ថិភាពរបស់ជនស៊ីវិល និងបើកផ្លូវនាំយកជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ បន្ថែមលើនេះ សហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិគួរតែដើរតួនាទី ក្នុងការដោះស្រាយវិបត្តិ ខណៈដែលភាគីនៃជម្លោះក៏គួរតែរក្សាភាពស្ងប់ស្ងាត់ និងអនុវត្តការអត់ធ្មត់ ប្រកាន់យកគោលដៅ និងជំហរត្រឹមត្រូវ ដើម្បីកាត់បន្ថយការកើនឡើងភាពតានតឹង៕



ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា