លោក ពូទីន ហៅលោក ស៊ី ជា “មេដឹកនាំពិភពលោកដ៏ពិតប្រាកដ”

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានពណ៌នាសមភាគីចិនរបស់គាត់ គឺលោក ស៊ី ជីនពីង ថា ជា “មេដឹកនាំពិភពលោកដ៏ពិតប្រាកដ” ដែលរាល់សកម្មភាពរបស់គាត់ តែងតែមានគោលដៅ និងចក្ខុវិស័យវែងឆ្ងាយនៅក្នុងចិត្ត។

នៅក្នុងបទសម្ភាសន៍មួយជាមួយបណ្តាញទូរទស្សន៍កណ្តាលចិន (CCTV) ដែលចេញផ្សាយនៅថ្ងៃអាទិត្យទី១៥ ខែតុលា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា ពិតណាស់ លោក ស៊ី ជីនពីង ត្រូវបានគេទទួលស្គាល់ជាមេដឹកនាំពិភពលោកមួយរូប។ លោក ពូទីន បន្តថា មេដឹកនាំចិនមិនដែលធ្វើការសម្រេចចិត្តភ្លាមៗ ដោយផ្អែកលើព្រឹត្តិការណ៍បច្ចុប្បន្នមួយចំនួននោះទេ… គាត់វាយតម្លៃស្ថានភាព វិភាគ និងមើលទៅអនាគត។

គុណសម្បត្តិទាំងនេះ គឺសំខាន់ណាស់ ហើយនោះជាអ្វីដែលកត់សម្គាល់ពីភាពជាមេដឹកនាំពិភពលោកពិត។ មេដឹកនាំរុស្ស៊ីរូបនេះបានបន្ថែមថា លោក ស៊ី តែងតែជា “ដៃគូដ៏ហ្មត់ចត់ និងស្ងប់ស្ងាត់ ប៉ុន្តែគួរឱ្យទុកចិត្តសម្រាប់ប្រទេសរុស្ស៊ី។
លោក ពូទីន បានផ្តល់បទសម្ភាសន៍ដ៏វែងមួយដល់ទូរទស្សន៍ CCTV នៅមុនដំណើរទស្សនកិច្ចរបស់គាត់មកកាន់ទីក្រុងប៉េកាំង ដែលលោកគ្រោងនឹងចូលរួមក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ នៅថ្ងៃទី១៧ និង១៨ ខែតុលានេះ។

គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលមានគោលបំណងជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគនៅអាស៊ីកណ្តាល ត្រូវបានបង្កើតឡើងដោយលោក ស៊ី ជីនពីង ក្នុងឆ្នាំ២០១៣។ ចាប់តាំងពីពេលនោះមក ប្រទេស និងអង្គការជាង ១៥០ បានចូលរួមក្នុងគម្រោងដែលដឹកនាំដោយប្រទេសចិនមួយនេះ៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner