បងស្រី ពៅចំរើន រំពឹងថា ការជួយគាំទ្រលើកទឹកចិត្តពីគ្រួសារនឹងជួយឲ្យប្អូនប្រុសជោគជ័យក្នុងវិស័យគុនខ្មែរ
(ភ្នំពេញ)៖ យុវជន ពៅ ចំរើន មកពីខេត្ត កំពង់ចាម មានអាយុ១៧ឆ្នាំ បានសម្រេចចិត្តចូលប្រឡូកក្នុងវិស័យប្រដាល់គុនខ្មែរសម្រេចតាមក្តីស្រម៉ៃរបស់ខ្លួន ដោយមានការគាំទ្រពីក្រុមគ្រួសារទាំងមូល ។
ពៅ ចំរើនថា ការសម្រេចចិត្តចូលហ្វឹកហាត់គុនខ្មែរនេះ បានផ្តើមចេញពីក្តីស្រលាញ់អស់រយៈពេលជាច្រើនឆ្នាំមកហើយ បើទោះបីវិស័យមួយនេះត្រូវឆ្លងកាត់ដោយការប្តូរលោហិត និងឈឺសាច់ពេលឡើងសង្វៀនប្រកួតជាមួយដៃគូក្តី ក៏រូបគាត់មិនរុញរា នឹងបន្តប្រឹងប្រែងហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាពឲ្យក្លាយជាអ្នកប្រដាល់គុនខ្មែរឆ្នើមនៅកម្ពុជា។

កីឡាករគុនខ្មែរវ័យ១៧ឆ្នាំ មកពីខេត្ត កំពង់ចាមរូបនេះ បានបញ្ជាក់ទៀតថា ការឈានជើងចូលប្រឡុកក្នុងគុនខ្មែរ ខ្លួនរំពឹងថា នឹងជោគជ័យ ដ្បិតក្រុមគ្រួសារទាំងមូលគាំទ្រផ្តល់កម្លាំងចិត្តគ្រប់ពេល ដែលជាកម្លាំងចិត្តមួយជំរុញលើកទឹកឲ្យខ្លួនខិតខំហ្វឹកហាត់ នឹងមានមហិជ្ជតាចង់ក្លាយជាអ្នកប្រដាល់ជើងខ្លាំងប្រចាំប្រទេសកម្ពុជា ដែលអាចរកប្រាក់ចំណូលខ្ពស់ជួយដល់គ្រួសារនៅពេលអនាគត។

ដោយឡែក កញ្ញា ពៅ ធារ៉ា ដែលជាបងស្រីបង្កើតកីឡាករ ពៅ ចំរើន បានរំពឹងខ្ពស់ថា ប្អូនប្រុស ពៅ ចំរើន នឹងជោគជ័យក្នុងវិស័យគុនខ្មែរក្លាយជាអ្នកប្រដាល់ល្បីឈ្មោះមួយរូបនៅកម្ពុជា ព្រោះប្រដាល់គុនខ្មែរនេះ ពៅ ចំរើន ស្រលាញ់ចូលចិត្តតាំងពីវ័យក្មេងមកម្លេះ ។
កីឡាករ ពៅ ចំរើន មានអាយុ១៧ឆ្នាំ មានស្រុក កំណើត នៅស្រុក ស្ទឹងត្រង់ ខេត្ត កំពង់ចាម កីឡាកររូបនេះមុនចូលហ្វឹកហាត់គុនខ្មែរក្នុងក្លិបប្រដាល់កងយោធលខេមរភូមិន្ទ បង្ហាត់ដោយ លោក ធន់ សុភា រូបគាត់បានហ្វឹកហាត់ជាមួយឱពុកនៅស្រុកកំណើត ។ ក្តីបំណងចូលប្រឡុកក្នុងវិស័យគុនខ្មែរ កសាងកេ្តរ្ត៍ឈ្មោះឲ្យល្បីល្បាញ់ដូចកីឡាកររៀមច្បងធឿន ធារ៉ា អ្នកប្រដាល់គុនខ្មែរកំពុងល្បីឈ្មោះបោះសំលេង នាពេលបច្ចុប្បន្ន៕


រូបភាព ងីម ឆៃហួត អត្ថបទៈ ជាវ ចន្ធូ