លោក បៃដិន កំពុងថ្លឹងថ្លែងលើការធ្វើដំណើរទៅអ៊ីស្រាអែល ខណៈសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់កំពុងឆាបឆេះ
វ៉ាស៊ីនតោន៖ មេដឹកនាំអាមេរិក នៅថ្ងៃចន្ទទី១៦ ខែតុលានេះ បានថ្លឹងថ្លែងការអញ្ជើញឱ្យទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ដែលជាប្រទេសសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក ដើម្បីបង្ហាញការគាំទ្រ ខណៈដែលទីក្រុងហ៊្សេរុយសាឡឹមកំពុងធ្វើសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស់។
សេតវិមានរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានអញ្ជើញប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល ក្រោយក្រុមហាម៉ាស់បើកការវាយលុកប្រឆាំងនឹងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្សជាង ១,៤០០នាក់ ប៉ុន្តែនៅពុំទាន់មានការសម្រេចចិត្តចុងក្រោយនៅឡើយទេ។
ពេលវេលានៃដំណើរទស្សនកិច្ចណាមួយរបស់លោក ចូ បៃដិន នឹងមានភាពរសើបខ្លាំង ខណៈដែលអ៊ីស្រាអែលត្រៀមលក្ខណៈវាយលុកផ្លូវគោកនៅតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ ដូច្នេះការធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលក៏នឹងបង្កហានិភ័យផ្នែកសន្តិសុខផងដែរ។
បើតាមក្រសួងសុខាភិបាលតំបន់ហ្គាហ្សា គិតមកទល់ពេលនេះ ការវាយប្រហារតាមផ្លូវអាកាស និងការបាញ់ផ្លោងកាំភ្លើងធំរបស់អ៊ីស្រាអែល នាំឱ្យមនុស្សប្រមាណ ២,៧៥០នាក់បានស្លាប់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

