សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រការបន្តសិក្សាលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តសៀមរាប

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោក លី ខ័រ (Li Kuo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងគាំទ្រការបន្តសិក្សាលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តសៀមរាប ។

នៅក្នុងជំនួបនេះដែរ លោក លី ខ័រ (Li Kuo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានផ្តល់ឱកាសឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីវឌ្ឍនភាពនៃការសិក្សារបស់ក្រុមហ៊ុន លើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួនពីរខ្សែរ គឺ៖ (i) គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប និង (ii) គម្រោងផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទៅកាន់រាជធានីភ្នំពេញ ។

លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន ក៏នឹងសិក្សាអំពីលទ្ធភាពផ្សេងៗ ក្នុងការជួយសម្រាលបន្ទុកចរាចរណ៍នៅកម្ពុជា ផងដែរ ។

ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងបានបញ្ជាក់អំពីការគាំទ្រចំពោះគម្រោងនានា ដែលក្រុមហ៊ុន China Metro Group បាន និងកំពុងសិក្សានៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាចរាចរណ៍ ព្រមទាំងបានផ្តល់ជាអនុសាសន៍ដល់ក្រុមហ៊ុន ឱ្យមានការគិតគូរសព្វគ្រប់ជ្រុងជ្រោយ ជាអាទិ៍ ការអភិវឌ្ឍផ្លូវដែកធុនស្រាល, ស្ពានអាកាស និងផ្លូវក្រោមដី ជាដើម ៕

អត្ថបទ៖ វណ្ណលុក , រូបភាព៖ ផេក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner