ក្រសួងធនធានទឹក៖ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម នៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តដទៃទៀត
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ បេីតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា ស្ដីអំពីស្ថានភាពធាតុអាកាសនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ ដោយបញ្ជាក់ថា ៖
ប្រព័ន្ធសម្ពាធទាប (ITCZ) នៅតែបន្តអូសបន្លាយកាត់លើភាគខាងត្បូងប្រទេសកម្ពុជា។ ខណៈសម្ពាធទាបសកម្មដែលភ្ជាប់នៅចុងប្រព័ន្ធសម្ពាធទាបនេះ បានចូលដល់ភាគកណ្តាលនៃប្រទេសវៀតណាម ហើយនឹងបន្តរំកិលដើរឆ្ពោះចូលចន្លោះរវាងខ្ពង់រាបភាគឦសាន និងខេត្តប៉ាក់សេ ប្រទេសឡាវ។ រីឯទិសដៅខ្យល់បន្តបក់ប្រែប្រួល ប្តូរមកពីទិសខាងកើតនិងអាគ្នេយ៍ (Variable winds)។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
- ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានានឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះ កន្លែងខ្លះអាចមានភ្លៀងធ្លាក់ច្រើនលាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៦០% ទៅ ៨០%។
- នៅថ្ងៃទី១៩ ខែតុលា នៅតាមបណ្តាខេត្តភាគខាងជើងជាប់ជួរភ្នំដងរែក ភាគពាយ័ព្យជាប់នឹងប្រទេសថៃ និងខ្ពង់រាបភាគឦសាន អាចមានភ្លៀងធ្លាក់ខ្សោយ។ រីឯនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យមជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៤០% ទៅ 60%។
សូមបងប្អូនជនរួមជាតិ មេត្តាមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីសុវត្ថិភាពជាចម្បង ៕
ដោយ ៖ ភារ៉ា និងប៊ុនធី


ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕