មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អំពាវនាវ ដល់យោធិនគ្រប់រូប និងប្រជាពលរដ្ឋនៅទូទាំងប្រទេស រួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ដើម្បីប្រទេសជាតិយើងបន្តអភិវឌ្ឍន៍បន្ថែមទៀត
(កំពង់ធំ)៖ ថ្លែងក្នុងឱកាសផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗ និងការងារអប់រំរៀនសូត្រចិត្តសាស្ត្រ ពង្រឹងតួនាទីភារកិច្ចរបស់កងយយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាកថ្ងៃទី១៦តុលា ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភួមិភាគទី៤ បានបញ្ជាក់អំពីស្ថានភាពសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងបញ្ហាសង្គ្រាមប្រដាប់អាវុធនៅមជ្ឈឹមបូព៌ា រវាងប្រទេសអ៊ីស្រាអែល ក្រុមហាម៉ាស និងប៉ាឡេស្ទីន ដែលបណ្ដាលឲ្យមនុស្សស្លាប់រាប់ពាន់នាក់ និងរបួសទាំងសងខាងរាប់ម៉ឺននាក់ ព្រមទាំងបណ្ដាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ និងការកើតឡើងនៃការជម្លៀសប្រជាជនចេញពីទីក្រុង ការកើនឡើងជនភៀសខ្លួន ដើម្បីគេចផុតពីការស្លាប់ដោយសារសង្គ្រាម។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ពីការសប្បាយរីករាយរបស់បងប្អូនប្រជាជនកម្ពុជា ក្នុងការជួបជុំក្រុមគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌនាពេលថ្មីៗនេះ នៅតាមបណ្តារមណីយដ្ឋាន ទីវត្តអារាម និងនៅតាមគេហដ្ឋាននានា ប្រកបដោយសុខសុវត្ថិភាព ក្រោមម្លប់សន្តិភាព របស់ព្រះរាជាណាចក្រកម្ពុជា ។

ទន្ទឹមនឹងនោះដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានអំពាវនាវដល់យោធិនគ្រប់រូប និងក្រុមគ្រួសារ រួមជាមួយប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើង បន្តអភិវឌ្ឍន៍រីកចម្រើនរុងរឿងបន្ថែមទៀត ៕



ដោយ ប៊ុន រដ្ឋា