រដ្ឋលេខាធិការក្រសួងកសិកម្ម ៖ ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៣ មានគោលបំណងបង្ហាញជាសកលអំពីសារៈសំខាន់ នៃការគ្រប់គ្រងទឹក
(ខេត្តក្រចេះ)៖ ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ« ទឹកជាជីវិត ទឹកជាអាហារ មិនឲ្យនរណាអត់អាហារឡើយ » ត្រូវបានប្រារព្ធធ្វើឡើង នៅស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ តំណាងឯកឧត្តឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួម លោក Alexandre Huynh តំណាងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ និងលោកស្រី Claire Conan តំណាងអង្គការស្បៀងអាហារពិភពលោក ។

លោកស្រី ថូវេឡា មុនថាលី តំណាងលោកស្រី រេប៊ែកកា ប៊ែល អ្នកតំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ បានលើកឡើងថា ទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២៣នេះ ត្រូវបានប្រារព្ធឡើង ក្នុងបរិបទមួយ ដែលពិភពលោកកំពុងជួបប្រទះវិបត្ដិសាកលច្រើន រួមមានវិបត្ដិសេដ្ឋកិច្ច បញ្ហាជម្លោះ ការប្រែប្រួលអាកាសធាតុ ទំនិញឡើងថ្លៃ ព្រមទាំងភាពតាមតឹងអន្ដរជាតិ។

បន្ទាប់ពីស្តាប់របាយការណ៍របស់ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានគូសបញ្ជាក់ ពីវិស័យកសិកម្មគិតត្រឹម៩ខែ ឆ្នាំ២០២៣ រួចមក ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម បានបញ្ជាក់ជូនថា៖ ទិវាស្បៀងអាហារពិភពលោក បានផ្តួចផ្តើម ជាលើកដំបូងនៅឆ្នាំ១៩៨១ ហើយការប្រារព្ធទិវានាពេលនេះ គឺស្របពេលជាមួយនឹងការរំលឹកខួបលើកទី៧៨ឆ្នាំ នៃការបង្កើតអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ (FAO) និងជាព្រឹត្តិការណ៍ជាសាកលរបស់អង្គការសហប្រជាជាតិ ដែលបណ្តាប្រទេសនានានៅលើពិភពលោកបានប្រារព្ធពិធីនេះឡើងក្នុងន័យបំផុសស្មារតីឱ្យយល់ដឹង និងទទួលស្គាល់អំពីតួនាទីដ៏មានសារៈសំខាន់នៃវិស័យកសិកម្ម ក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ សុខុមាលភាព និងអភិវឌ្ឍន៍ជនបទដែលគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ត្រូវមានឆន្ទៈចូលរួមឱ្យបានសកម្ម សំដៅឈានទៅ រកការបញ្ចប់ភាពអត់ឃ្លានរបស់ប្រជាជននៃបណ្តាប្រទេសនៅទូទាំងសាកលលោក ដែលក្នុងនោះក៏មានកម្ពុជាយើងផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់បន្ថែមថា ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៣ មានគោលបំណងបង្ហាញជាសកលអំពីសារៈសំខាន់នៃការគ្រប់គ្រងទឹកប្រកបដោយការប្រុងប្រ័យត្ន ក្នុងកាលៈទេសៈនៃការប្រឈមមុខនឹងបញ្ហានានា ដូចជាកំណើនប្រជាជនយ៉ាងឆាប់រហ័ស ,ការអភិវឌ្ឍន៍សេដ្ឋកិច្ច នគរូបនីយកម្ម និងការប្រែប្រួលអាកាសធាតុដែលគំរាមគំហែងដល់លទ្ធភាពនៃការប្រើប្រាស់ទឹកផងដែរ ៕


ប្រភព៖ក្រសួងកសិកម្ម