អាជ្ញាធរខេត្តកណ្ដាល បន្តចុះពិនិត្យ និងដោះស្រាយករណីជំនន់ទឹកភ្លៀង នៅភូមិសាស្ត្រស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ
ខេត្តកណ្ដាល៖ អាជ្ញាធរខេត្តកណ្តាល ដឹកនាំដោយ លោក ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នេះបានដឹកនាំ ក្រុមការងាររួមមាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរធនធានទឹក និងឧតុនិយម អាជ្ញាធរស្រុកកណ្តាលស្ទឹង សហការណ៍ដោយស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចុះពិនិត្យករណីជំនន់លិចទឹកភ្លៀង នៅចំណុចព្រំប្រទល់ខេត្តកំពង់ស្ពឺ ( ភូមិភានសារ ឃុំព្រះនិពាន ស្រុកគងពិសី) និងខេត្តកណ្តាល ( ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង) នៅត្រង់ចំណុចគីឡូម៉ែត្រលេខ៣០ លើផ្លូវជាតិលេខ៣។
បន្ទាប់ពីបានចុះពិនិត្យមើលស្ថានការណ៍ទឹកជំន់ទឹកភ្លៀង ដោយផ្ទាល់រួចមក ឯកឧត្តម ហាក់ សុខមករា បានបញ្ជាឱ្យគ្រឿងចក្រអេស្កា កាយបើកមុខលូបង្ហូរទឹកកាត់ទទឹងផ្លូវជាតិលេខ៣ បន្ថែម ១កន្លែងទៀត និងមុខលូបង្ហូរទឹកដែលមានស្រាប់ចំនួន ១កន្លែង សរុបចំនួន ២កន្លែង ដើម្បីបង្ហូរចូលទៅប្រឡាយអូរអាប ហូររំដោះទៅទន្លេបាទី ដើម្បីធ្វើឱ្យស្ថានភាពទឹកបន្តស្រកចុះបានលឿន។ ឯកឧត្តម បានណែនាំដល់ ក្រុមការងារត្រូវបន្តកាយមុខលូរំដោះទឹកកាត់ទទឹងផ្លូវជាតិលេខ៣ បង្ហូរចូលទៅតាមប្រឡាយអូរអាប និងកាយតាមបណ្តោយប្រឡាយអូរអាបបើកមុខទឹកអោយបានធំ សំដៅធ្វើឱ្យចរន្តទឹកហូរបានលឿន សំរួលដល់ការរំដោះជំនន់ទឹកភ្លៀងពីខេត្តកំពង់ស្ពឺ និងស្រុកកណ្តាលស្ទឹងឱ្យបានទាន់ពេល។
ក្នុងថ្ងៃដដែលនេះដែរ លោក ហាក់ សុខមករា ក៏បានបន្តដឹកនាំ មន្ទីរជំនាញ កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង ចុះពិនិត្យករណីជំនន់ទឹកភ្លៀង នៅប្រឡាយ៩៤ ប្រឡាយ៩៦ ស្ថានីយបូមទឹកចាប់យំ ស្ថានីយបូមទឹកក្របៅ និងស្ថានីយបូមទឹករំដោះពីទីលានវាយកូនហ្គោល ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ។
ដោយនៅតាមបណ្តោយប្រឡាយ ប្រឡាយ៩៤ ប្រឡាយ៩៦ មានការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ លោក អភិបាលរងខេត្ត បានចាត់ឱ្យក្រុមការងារត្រូវយកទូក ជួយដឹកជញ្ជូនប្រជាពលរដ្ឋ និងសម្ភារ មកកន្លែងទីទួលសុវត្ថិភាពជាបណ្តោះអាសន្ន ឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ពួកគាត់ ។
លោក អភិបាលរងខេត្ត បានឱ្យដឹងដែរថា ការដោះស្រាយករណីជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខាងលើនេះ ចំពោះស្ថានីយបូមរំដោះទឹកពីទីលានវាយកូនហ្គោល (សម្តេចតេជោ ហ៊ុន សែន) ក្រុមការងារបានប្រើម៉ាស៊ីនបូមទឹក ២គ្រឿង កម្លាំង ៦៥សេស បូមរំដោះទឹកក្នុង ១ម៉ោង ១៦០០ម៉ែត្រគូប ស្ថានីយបូមទឹកក្របៅ កំពុងធ្វើការបូមរំដោះទឹកដោយម៉ាស៊ីន ២គ្រឿង កម្លាំង ៦៥សេស បូមរំដោះទឹកក្នុង ១ម៉ោង ១៦០០ម៉ែត្រគូប។ ស្ថានីយបូមទឹកចាប់យំ (ទ្វាទឹក៣) កំពុងធ្វើការបូមដោយម៉ាស៊ីន ៤គ្រឿង កម្លាំង ៦៥សេស បូមរំដោះទឹកក្នុង ១ម៉ោង ៣២ ០០០ម៉ែត្រគូប រំដោះចូលទៅប្រឡាយ៩៦ ៕
ដោយ ៖ ង៉ាន់ ទិត្យ



