លោក ស៊ី ជីនពីង ៖ ចិននឹងចាប់ដៃអេហ្ស៊ីបជួយរក្សាស្ថិរភាពនៅមជ្ឈិបូព៌ា

ប៉េកាំង៖ មេដឹកនាំចិនបានប្រាប់នាយករដ្ឋមន្រ្តីអេហ្ស៊ីប នៅថ្ងៃព្រហស្បតិ៍ទី១៩ ខែតុលានេះថា ទីក្រុងប៉េកាំងសង្ឃឹមថា នឹងធ្វើការជាមួយទីក្រុងគែរ ដើម្បីនាំយកស្ថិរភាពបន្ថែមទៀតមកកាន់តំបន់មជ្ឈិបូព៌ា ខណៈដែលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសកំពុងបង្កភាពតានតឹងក្នុងតំបន់។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានចេញផ្សាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់នាយករដ្ឋមន្រ្តីអេហ្ស៊ីប លោក ម៉ូស្តាហ្វា ម៉េដប៊ូលី នៅឯកិច្ចប្រជុំមួយក្នុងទីក្រុងប៉េកាំងថា ចិនមានឆន្ទៈក្នុងការកម្ពស់កិច្ចសហប្រតិបត្តិការជាមួយអេហ្ស៊ីប ជាពិសេសការចាក់បញ្ចូលភាពប្រាកដប្រជា និងស្ថិរភាពបន្ថែមទៀតចូលទៅក្នុងតំបន់ និងពិភពលោក។

លោក ស៊ី បានគូសបញ្ជាក់ថា ចិន និងអេហ្ស៊ីប គឺជាមិត្តភក្តិល្អ ដែលមានគោលដៅដូចគ្នា និងជឿជាក់គ្នាទៅវិញទៅមក ហើយក៏ជាដៃគូល្អដែលធ្វើការជាមួយគ្នា ដើម្បីការអភិវឌ្ឍន៍ និងវិបុលភាពរួម។ លោក ស៊ី បន្ថែមថា បច្ចុប្បន្ននេះ ស្ថានភាពអន្តរជាតិ និងក្នុងតំបន់កំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំង និងស្មុគស្មាញ ហើយពិភពលោកក៏កំពុងជួបប្រទះការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដែលមិនធ្លាប់មានក្នុងពេលមួយសតវត្សមកនេះ។

លោកថា ទីក្រុងប៉េកាំងក៏មានឆន្ទៈក្នុងការធ្វើការជាមួយទីក្រុងគែរ ដើម្បីរួមគ្នាការពារភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ ព្រមទាំងផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។
គួរបញ្ជាក់ថា ទំនាក់ទំនងចិន និងអេហ្ស៊ីបត្រូវបានពង្រឹងជាលំដាប់ក្នុងពេលប៉ុន្មានខែថ្មីៗនេះ ស្របពេលដែលទីក្រុងគែរនឹងក្លាយទៅជាសមាជិកផ្លូវការរបស់ BRICS ដែលជាក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនចាប់ពីឆ្នាំក្រោយ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner