សហរដ្ឋអាមេរិកប្រកាសរឹបអូសគេហទំព័រចំនួន១៧ដែលប្រើប្រាស់ដោយអ្នកបច្ចេកព័ត៌មានវិទ្យារបស់​កូរ៉េខាងជើង

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានរឹបអូសគេហទំព័រចំនួន ១៧ ដែលប្រើប្រាស់ដោយបុគ្គលិកផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT) របស់កូរ៉េខាងជើង ក្នុងការបោកប្រាស់ និងបន្លំដើម្បីរកចំណូលទៅគាំទ្រកម្មវិធីសព្វាវុធរបស់​កូរ៉េខាងជើង។

ក្រសួងយុត្តិធម៌អាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរឹបអូសវេបសាយទាំងនេះ​ធ្វើ​ឡើងកាលពីថ្ងៃអង្គារ ស្របតាមដីការបស់តុលាការនៃរដ្ឋ Missouri ។

ការរឹបអូសនៃគេហទំព័រចំនួន ១៧នេះដែរ ជាការអនុវត្តតាមដីការរបស់តុលាការដែលបាន​សម្រេច​តាំងពីខែមករា ឆ្នាំ ២០២៣ មកម្ល៉េះ ដោយសហរដ្ឋអាមេរិកបានរកឃើញថា​ គេហទំព័រទាំងនេះ​បានបោកប្រាស់ និងបន្លំយកបានទឹក​ប្រាក់ប្រមាណ ១.៥ លានដុល្លារអាមេរិក។ នេះ​បើ​តាម​ក្រសួង​យុត្តិធម៌​កាល​ពី​ថ្ងៃ​ពុធ។

តាមរយៈករណីនេះសហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសកូរ៉េខាងជើងថា មានបណ្ដាញជាអ្នក ព័ត៌មានវិទ្យារាប់ពាន់នាក់នៅ​ជុំវិញពិភពលោក ហើយដែលមានទីតាំងនៅជាចម្បងនៅ​ក្នុង​ប្រទេសចិន និងរុស្ស៊ី។ ការដាក់ពង្រាយអ្នកព័ត៌មានវិទ្យាបែបនេះ គឺធ្វើឡើងក្នុងគោលបំណង​បន្លំភ្នែក​សហរដ្ឋអាមេរិក និងអាជីវកម្មផ្សេងទៀតនៅទូទាំងពិភពលោក​ឱ្យជួលពួកគេធ្វើជា​បុគ្គលិកផ្នែក IT ដើម្បីបង្កើតប្រាក់ចំណូលសម្រាប់កម្មវិធីផលិតអាវុធប្រល័យ​លោក​របស់ខ្លួន។

ក្រសួងយុត្តិធម៌បាននិយាយកាលពីថ្ងៃពុធថា៖ «អ្នកព័ត៌មានវិទ្យារបស់ប្រទេសកូរ៉េខាងជើង កំពុងតែជោរជន់នៅលើទីផ្សារការងារព័ត៌មានវិទ្យារបស់ពិភពលោក ដើម្បីរកចំណូលទៅ​ផ្គត់ផ្គង់កម្មវិធីសព្វាវុធ របស់គេ ដូច្នេះហើយនិយោជកគួរមានការប្រុងប្រយ័ត្នជាងមុនក្នុងការ​រើសបុគ្គលិក។» ​

ស្រដៀងគ្នានេះ លោក Matthew G. Olsen ជំនួយការមេធាវីផ្នែកសន្តិសុខជាតិនៃនាយកដ្ឋានយុត្តិធម៌​បាននិយាយ​ថា៖ «ការរឹបអូសដែលបានប្រកាសនៅថ្ងៃអង្គារកន្លងទៅ ជាការការពារក្រុមហ៊ុនអាមេរិក​ពីការជ្រៀត​ចូលជា​មួយកូដកុំព្យូទ័ររបស់កូរ៉េខាងជើង និងជួយធានាថាអាជីវកម្មអាមេរិកមិនត្រូវបាន​ប្រើប្រាស់​ដើម្បី​ផ្តល់ហិរញ្ញ​ប្បទានដល់កម្មវិធីអាវុធរបស់របបផ្ដាច់ការមួយនោះ។»

ដើម្បីដោះស្រាយនូវបញ្ហានេះ ក្រសួងយុត្តិធម៌ប្តេជ្ញាធ្វើការជាមួយដៃគូវិស័យឯកជនដើម្បីការពារ​អាជីវកម្ម​របស់សហរដ្ឋអាមេរិកពីការក្លែងបន្លំប្រភេទនេះ ដើម្បីបង្កើនសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត​ជារួម ជាពិសេសដើម្បីរារាំងដល់កម្មវិធីផលិតសព្វាវុធប្រល័យលោករបស់កូរ៉េខាងជើង។

យ៉ាងណាមិញ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកាលពីខែឧសភាបានប្រកាសដាក់ទណ្ឌកម្មថ្មីទៅ​លើ​កូរ៉េខាងជើង​ទាក់ទងនឹងបញ្ហាដែលបុគ្គលិកព័ត៌មានវិទ្យាជាច្រើននាក់កំពុងលាក់អត្តសញ្ញាណ ទីតាំង និងសញ្ជាតិរបស់ពួកគេ និងប្រើប្រាស់ឯកសារក្លែងបន្លំដើម្បីដាក់ពាក្យសុំការងារ។

កាលពីពេលកន្លងទៅ ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏ធ្លាប់បានព្រមានដែរថា ការជួលបុគ្គលិក​ផ្នែកព័ត៌មាន​វិទ្យារបស់កូរ៉េខាងជើងក៏អាចជាមូលហេតុនៃការលួចកម្មសិទ្ធិបញ្ញាអាជីវកម្មផងដែរ៕

ប្រែសម្រួល៖ កែវ បុស្បា

ប្រភព៖ https://www.straitstimes.com/asia/us-announces-seizure-of-17-website-domains-used-by-north-korea-it-workers

ads banner