ក្លឹបអ្នកកាសែតកម្ពុជាប្រកាសអ្នកឈ្នះជ័យលាភី ៥រូប ក្នុងការដណ្តើមជើងឯកអ្នកថតរូបប្រចាំឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក)បានរកឃើញ និង ប្រកាសលទ្ធផលនៃការប្រកួតប្រជែងរូបថតប្រចាំឆ្នាំ២០២៣ លើប្រធានបទ “សម្រស់សហគមន៍យើង”នៃបេក្ខជនចំនួន ៥រូបដែលបានឈ្នះក្នុងចូលរួមប្រកួតនាកន្លងមក។

ក្នុងពិធីប្រកាសដែលបានរៀបចំឡើងនាសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញកាលពីព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៣ គេឃើញបេក្ខជនដែលបានឈ្នះក្នុងកម្មវិធីចំនួន៥រូប បន្ទាប់គណៈកម្មការបានពិនិត្យនិងវិនិច្ឆ័យយ៉ាងល្អិតល្អន់ ហើយវាយតម្លៃជារួមថា រូបថតដែលបេក្ខ ជនដាក់ចូលរួមប្រកួតប្រជែងមានភាពរស់រវើក ទាក់ទាញ និងស្រស់ស្អាត ហើយគណៈកម្មការសម្រេច ជ្រើសរើសជ័យលាភីចំនួន៥រូបដើម្បីទទួលពានរង្វាន់រួមមាន៖ ជ័យលាភីលេខ១ លោក លន ហ្សាឌីណា ជាអ្នកសារព័ត៌មានឯករាជ្យ ទទួលបាន ថវិកាចំនួន ៣លានរៀល និងពាន១, ជ័យលាភីលេខ២ លោក គឹម បូរិន មកពីសារព័ត៌មានភ្នំពេញថ្មីទទួលបានថវិកាចំនួន ២លាន ៥សែនរៀល និងពាន១, ជ័យលាភីលេខ៣ លោក តាំង ឈីនសុធី មកពីទីភ្នាក់ងារសារព័ត៌មាន AFP ទទួលបានថវិកាចំនួន ២លានរៀល និងពាន១, ជ័យលាភីលេខ៤ លោក ហុង មិនា មកពីកាសែតភ្នំពេញប៉ុស្តិ៍ទទួលបានថវិកាចំនួន១ លាន ៥សែនរៀល និងពាន១, ជ័យលាភីលេខ៥ លោក ប៉ាន់ បូនី មកពីទូរទស្សន៍បាយ័ន ទទួលបានថវិកាចំនួន១ លានរៀល និងពាន១។ ក្រៅពីរង្វាន់ខាងលើ ជ័យលាភីម្នាក់ៗក៏នឹងទទួលបាននូវសម្ភារមួយចំនួនបន្ថែមទៀត។ ដោយ ឡែកចំពោះបេក្ខជនចូលរួមប្រកួតប្រជែង តែមិនទទួលជ័យ លាភីក៏ទទួលបានរង្វាន់លើកទឹកចិត្តផងដែរ ។

ក្លឹបអ្នកកាសែតកម្ពុជា កត់សម្គាល់ថា ទោះបីជាលើកទី១ សម្រាប់ការ ប្រកួតប្រជែងនេះ ប៉ុន្តែអ្នកសារព័ត៌មាន និងអ្នកថតរូបឯករាជ្យបាន បង្ហាញនូវការចាប់អារម្មណ៍ និងបានផ្ញើរូបថតមកចូលរួមដណ្ដើម ពានរង្វាន់។

លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានថ្លែងថា៖ការប្រកួតប្រជែងនេះ មិនគ្រាន់តែបង្ហាញនូវស្នាដៃ ទេពកោសល្យ ដ៏ប៉ិនប្រសប់របស់បេក្ខជននីមួយៗនោះទេ ប៉ុន្តែអ្វីដែលមានអត្ថន័យគួរ ឲ្យកត់សម្គាល់នោះ ការក្រកួតប្រជែងរូបថតនាពេលនេះ បានរួម ចំណែកយ៉ាងសំខាន់ដល់ការផ្សព្វផ្សាយជួយដល់វិស័យទេសចរណ៍ នៅកម្ពុជា ។

តាមរយៈរូបថតដែលបានចូលរួម ហើយនឹងត្រូវបន្តផ្សព្វផ្សាយទូលាយ ក្នុងសារព័ត៌មានជា បន្តបន្ទាប់នោះ អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ នឹង បានស្វែងយល់ដឹងបន្ថែមទៀតអំពីតំបន់ទេសចរណ៍ ទាំងទេសចរណ៍ ធម្មជាតិ វប្បធម៌ បរិស្ថាន និងតំបន់អេកូទេសចរណ៍ រួមទាំងការអភិវឌ្ឍន៍លើគ្រប់ វិស័យនៅកម្ពុជា។

ដោយឡែក ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា៖ការប្រកួតប្រជែងស្នាដៃរូបថតនេះគឺជាកិច្ចការមួយសំខាន់ពីព្រោះក្នុងវិស័យសារព័ត៌មានយើងមិនត្រឹមតែចាប់អារម្មណ៍ក្នុងរឿងសំណេរ ឬសម្លេងទេតែរូបថតជាផ្នែមួយយ៉ាងសំខាន់នៃវិស័យសារព័ត៌មានផងដែរ។រូបថតមូយសន្លឹកអាចបញ្ជាក់អត្ថន័យរាប់រយពាន់។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖មានតែអ្នកសារព័ត៌មានអាជីពទេដែលទីបំផុតទៅយើងផ្តល់ព័ត៌មានមួយដែលពិតប្រាកដជាក់លាក់គួរឱ្យទុកចិត្តបាន ហើយដល់ពេលនោះ មហាជននឹងវិលមក រកអ្នកសារព័ត៌មានអាជីពដើម្បីជាទីទំនុកទុកចិត្តរបស់ខ្លួន។

គួរបញ្ជាក់ថា៖ដើម្បីធានាដល់ការពិនិត្យ និងវាយតម្លៃលើរូបថតទាំងអស់ឱ្យមានសុក្រិតភាព ក.អ.ក បាន បង្កើតគណៈកម្មការកំណែមួយដែលមានសមាសភាពបីរូបចូលរួមមានដូចជា៖ លោក ហេង ស៊ីនិត្យ ជាអ្នកថតរូបអាជីពបម្រើក្នុងវិស័យសារព័ត៌មានជាតិនិងអន្តរជាតិ ជាង៣០ឆ្នាំមកហើយ ក្នុងនោះជិត២០ឆ្នាំជាមួយសារព័ត៌មានដ៏ល្បីរបស់អាម៉េរិក គឺ Associated Press ហើយក៏ជាគ្រូបង្រៀនផ្នែកថតរូបផងដែរ, ២. លោក ឡាម៉ូ ជាសិល្បករថតរូប និងជា ស្ថាបនិក (Unseen Cambodia) ដ៏ល្បីដែលធ្លាប់ទទួលបានពានរង្វាន់ផ្នែកថតរូបថ្នាក់ តំបន់ និងអន្តរ ជាតិចំនួនពីរលើកកាលពីឆ្នាំ២០១៧ និង២០១៨, និងទី៣. លោក ពុយ គា ជាប្រធានអ្នកឆ្លងឆ្លើយ ឱ្យទីភ្នាក់ងារព័ត៌មាន Kyodo News របស់ជប៉ុនជិត៣០ឆ្នាំ និងជាប្រធានក្លិបអ្នកកាសែត កម្ពុជា ៕

អត្ថបទ ៖ លោក ជិន ម៉ាដេប៉ូ
រូបភាព ៖ លោក ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner