លោក ស៊ី ជិនពីង ៖ ចិននឹងធ្វើការជាមួយអេហ្ស៊ីប ដើម្បីជួយរក្សាស្ថិរភាពនៅមជ្ឈិមបូព៌ា
ប៉េកាំង ៖ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់នាយករដ្ឋមន្ត្រីអេហ្ស៊ីបនៅថ្ងៃព្រហស្បតិ៍ ទី ១៩ ខែតុលាថា ប្រទេសទាំងគួរតែធ្វើការរួមគ្នាដើម្បីនាំមកនូវស្ថិរភាពបន្ថែមទៀត ទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈដែលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់របស់ប៉ាឡេស្ទីន កំពុងបង្កភាពអាប់អួរក្នុងតំបន់។ នេះបើតាមការរាយការណ៍បន្តរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ស៊ី ថ្លែងប្រាប់បែបនេះ នៅពេលជួបជាមួយលោកនាយករដ្ឋមន្រ្តី Mostafa Madbouli របស់អេហ្ស៊ីបក្នុងទីក្រុងប៉េកាំងដោយលោកបានបញ្ជាក់នូវការគាំទ្ររបស់ប្រទេសចិនចំពោះដំណោះស្រាយបង្កើតរដ្ឋពីរ ដើម្បីសម្រេចបាននូវការរួមរស់ជាមួយគ្នាដោយសន្តិភាពរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។
ទូរទស្សន៍រដ្ឋចិន CCTV បានចុះផ្សាយដោយស្រង់សម្ដី លោក ស៊ី ដែលនិយាយថា៖ «ប្រទេសចិនមានឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយអេហ្ស៊ីប និងចាក់បញ្ចូលភាពប្រាកដប្រជា និងស្ថិរភាពបន្ថែមទៀតចូលទៅក្នុងតំបន់ និងពិភពលោក»។
លោក ស៊ី បន្តថា៖ «ចិន និងអេហ្ស៊ីប គឺជាមិត្តដ៏ល្អដែលមានគោលដៅដូចគ្នា និងជឿជាក់គ្នាទៅវិញទៅមក និងជាដៃគូដ៏ល្អដែលធ្វើការជាមួយគ្នា ដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម» ហើយបន្ថែមថា ទីក្រុងប៉េកាំងក៏មានឆន្ទៈក្នុងការធ្វើការជាមួយទីក្រុងគែរ ដើម្បីរួមគ្នាការពារភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ ព្រមទាំងផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ខណៈដែលពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង»។
គួរបញ្ជាក់ថា ចាប់តាំងពីជម្លោះអ៊ីស្រាអែល-ហាម៉ាស់ផ្ទុះឡើង អេហ្ស៊ីបភាគច្រើនបានបិទព្រំដែនរបស់ខ្លួនជាមួយតំបន់ហ្គាហ្សាស្ទ្រីប ខណៈបញ្ហាមនុស្សធម៌ក្នុងតំបន់តានតឹងមួយនេះកាន់តែដុនដាប។
ជាមួយគ្នានេះក្រុងគែរបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងអនុញ្ញាតបើកផ្លូវជំនួយមនុស្សធម៌កាត់ច្រក Rafah ចូលទៅកាន់តំបន់ហ្គាហ្សា។ លោក ស៊ី បានសរសើរចំពោះជំហានបែបនេះរបស់អេស្ស៊ីបប្រាប់លោក Madbouli។
គេមើលឃើញថា ទំនាក់ទំនងរវាងចិន និងអេហ្ស៊ីប បានឡើងកម្តៅក្នុងប៉ុន្មានខែថ្មីៗនេះ ដោយទីក្រុងគែរនឹងក្លាយជាសមាជិកផ្លូវការនៃក្រុម BRICS នៅឆ្នាំក្រោយ។
ការពង្រឹងទំនាក់ទំនងជាមួយចិនពេលនេះ ធ្វើឡើងចំពេលដែលចិនពង្រឹងវិស័យការទូតនៅមជ្ឈិមបូព៌ា ក្នុងពេលដែលសហរដ្ឋអសកម្មក្នុងតំបន់។ កាលពីប៉ុន្មានខែមុន ចិនបានសម្របសម្រួលអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ក្នុងការបង្កើតទំនាក់ទំនងការទូតជាផ្លូវការវិញ ដែលគេមើលឃើញថា ជាការជោគជ័យការទូតដ៏ធំមួយសម្រាប់ចិន៕
ប្រែសម្រួល៖ ហួន ឌីណា ប្រភព៖ Xi says China to work with Egypt to help stabilise Middle East