ប្រមុខការទូតរុស្ស៊ីជួបលោក គីម ជុងអ៊ុន និងរិះគន់គោលនយោបាយគ្រោះថ្នាក់របស់សហរដ្ឋអាមេរិក

ព្យុងយ៉ាង៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ បានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃព្រហស្បតិ៍ទី១៩ ខែតុលានេះ បន្ទាប់ពីបានរិះគន់គោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះរដ្ឋដែលមានអាវុធនុយក្លេអ៊ែរនេះថា ជា “គ្រោះថ្នាក់”។

ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ បានចាត់ទុកកូរ៉េខាងជើងថា ជា “អ្នកជិតខាងជិតស្និទ្ធ និងជាដៃគូយូរអង្វែង” នៅក្នុងកិច្ចប្រជុំមួយដែលមានរយៈពេលជាងមួយម៉ោង។ ទន្ទឹមគ្នា លោក ឡាវូរវ បានរិះគន់ចំពោះអ្វីដែលលោកហៅថា គោលនយោបាយគ្រោះថ្នាក់របស់អាមេរិកចំពោះកូរ៉េខាងជើង នៅពេលពិភាក្សាអំពី “កម្រិតយុទ្ធសាស្ត្រថ្មី” នៃទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង។

លោក ឡាវរូវ បានប្រាប់អ្នកសារព័ត៌មានថា ដូចមិត្តភក្តិកូរ៉េខាងជើងរបស់យើងដែរ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសកម្មភាពយោធារបស់អាមេរិក ជប៉ុន និងកូរ៉េខាងត្បូងនៅក្នុងតំបន់ និងគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន។ លោក ឡាវរូវ បានគូសយ៉ាងដូច្នេះថា យើងប្រឆាំងនឹងខ្សែបន្ទាត់ដែលមិនស្ថាបនា និងគ្រោះថ្នាក់នេះ ហើយថា សហរដ្ឋអាមេរិកកំពុងដាក់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ រួមទាំងមូលដ្ឋាននុយក្លេអ៊ែរនៅក្នុងតំបន់ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតទេ។

គួរបញ្ជាក់ថា ការបំពេញទស្សនកិច្ចរបស់បេសកជនរុស្ស៊ីជើងចាស់រូបនេះនៅទីក្រុងព្យុងយ៉ាង ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីដំណើរទស្សនកិច្ចនាពេលអនាគតរបស់លោក ពូទីន មកកាន់ប្រទេសកូរ៉េខាងជើង ដែលត្រូវបានអញ្ជើញដោយលោក គីម ជុងអ៊ុន ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីកាលពីខែមុន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner