កាកបាទក្រហមកម្ពុជា បន្តចូលរួមផ្តល់កម្លាំងចិត្តដល់កុមាររងគ្រោះដោយសារមេរោគអដេស៍

អត្ថបទដោយ៖
CPA

ភ្នំពេញ៖កាកបាទក្រហមកម្ពុជានិងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃទីស្នាក់ការកណ្តាលបានរៀប​ចំកម្មវិធីអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «អាហារូបត្ថម្ភ សុខភាពបឋម និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក» ដល់កុមាររងគ្រោះដោយសារមេរោគអេដស៍ ដើម្បីលើកទឹកចិត្តដល់កុមារដែលកំពុងប្រឈមនឹងជំងឺនេះ។

ពិធីសំណេះសំណាល សួរសុខទុក្ខ និងអប់រំនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៣ នៅអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។ នេះបើតាមកាកបាទក្រហមកម្ពុជា។

លោក យូ ឡាណា ថ្លែងក្នុងឱកាសនេះថា ក្នុងនាមកាកបាទក្រហមកម្ពុជា ជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌, ការងារអប់រំផ្សព្វផ្សាយ គឺដើរតួនាទីយ៉ាងសំខាន់ក្នុងនោះមាន ការផ្សព្វផ្សាយពីច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ការអប់រំផ្សព្វផ្សាយខាងផ្នែកសុខភាពស្ត្រីនិងកុមារ សុខភាពមនុស្សចាស់ ជំងឺឆ្លងរាតត្បាតនានា ជាពិសេសបញ្ហាមេរោគអេដស៍ជំងឺអេដស៍ អាហារូបត្ថម្ភ និងសុខភាពបឋម។

ចំណែកលោកស្រី ហង្ស ណាវី នាយិកាអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម បានបង្ហាញជូនក្មួយៗកុមារអំពីអាហារូបត្ថម្ភចំពោះសុខភាព ដោយបានបញ្ជាក់ពីសារៈសំខាន់នៃការទទួលទានអាហារទាំងបីក្រុម រួមមាន  អាហារឋាមពល អាហារសាងសង់ និងអាហារការពារ៕

ដោយ៖ សុខ រក្សា

ads banner