រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំរុញឱ្យ អាជ្ញាធរ និង សមត្ថកិច្ចពាក់ពន្ធ័ បង្កើនការយកចិត្តទុក ដាក់ បម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ

(កំពង់ស្ពឺ)៖ ក្នុងពិធីប្រកាសផ្ទេរ និងតែងតាំង ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម កើត រិទ្ធិ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានជំរុញ និងក្រើនរំលឹកដល់អាជ្ញាធរក៏ដូចសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ឱ្យបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ ប្រកបដោយគុណភាពនិងតម្លាភាព រហ័ស និងទទួលបានការជឿទុកចិត្ត។ ត្រូវបង្កើនដោះស្រាយទំនាស់ផ្សេងៗនៅក្រៅប្រពន្ធ័តុលាការ ប្រសើរជាងការប្តឹងទាមទារឱ្យមានការកាត់ក្តីពីប្រពន្ធ័ច្បាប់ដែលនាំឱ្យខាតបង់ពេលវេលា និង ប្រាក់កាស ។

ឯកឧត្តម កើត រិទ្ធិ លើកឡើងថា ការដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការ គឺជាដំណើរការនីតិវិធីល្អបំផុតមួយ ដែលអាចជួយមនុស្សពីរនាក់ជាគូទំនាស់ឱ្យរកឃើញនូវភាពឈ្នះឈ្នះរៀងខ្លួនដោយមិនមានអ្នកចាញ់ ។ ជាងនេះអាជ្ញាធរ ត្រូវខិតខំសម្របសម្រួលដោះស្រាយឱ្យអស់លទ្ធភាពជូនប្រជាពលរដ្ឋ ហើយលទ្ធផល នៃការដោះស្រាយទទួលបានជោគជ័យនោះ ពិតជាបានសម្រាលបន្ទុករឿងក្តីមួយផ្នែកពីតុលាការផងដែរ ។ ហើយបើការដោះស្រាយ សម្របសម្រួលមិនទទួលបានការឯកភាពរវាងភាគីទាំងពីរអស់លទ្ធភាពរួចរាល់ចាំបញ្ជូនមកតុលាការក៏មិនយឺតពេលដែរ ។

សូមបញ្ជាក់ថា លោក ស៊ិន វិរៈ អតីតព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំត្រូវបានតែងតាំងជាព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ ជំនួស លោកស្រី ចាតសូ រស្មី ដែលត្រូវផ្ទេរចេញទៅកាន់សាលាដំបូងខេត្តកោះកុង ៕

ប្រភព ៖ ម៉ុន សំអាត

ads banner