ក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងអាមេរិក ពីរនាក់

ហ្ស៊េរុយសាឡិម៖ រដ្ឋាភិបាលអ៊ីស្រាអែលបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធ ហាម៉ាស់ បានដោះលែងចំណាប់ខ្មាំងជនជាតិអាមេរិក ចំនួនពីរនាក់ ដោយបង្ហាញក្តីសង្ឃឹមថា នឹងមានការដោះលែង បន្ថែមទៀត។

កាលពីថ្ងៃសុក្រ សប្តាហ៍នេះ មេដឹកនាំក្រុមហាម៉ាស់នៅហ្គាហ្សា បានដោះលែងជនជាតិអាមេរិក ចំនួនពីរនាក់ ក្នុងចំណោមចំណាប់ខ្មាំងប្រមាណ ២០០ នាក់ ដែលពួកគេបានចាប់ពង្រត់នៅក្នុងការវាយប្រហារដ៏ឃោរឃៅ កាលពីថ្ងៃទី ៧ ខែតុលា ក្នុងប្រទេសអ៊ីស្រាអែល នេះបើតាមការឲ្យដឹងពីសំណាក់រដ្ឋាភិបាលអ៊ីស្រាអែល ហើយរដ្ឋាភិបាលសង្ឃឹមថា ចំណាប់ខ្មាំងដទៃទៀតក៏នឹងមានសេរីភាពវិញ ជាបន្តបន្ទាប់ផងដែរ។

រដ្ឋាភិបាលអ៊ីស្រាអែលបាននិយាយថា «លោកស្រី Judith Tai Raanan និងកូនស្រីរបស់លោកស្រី ឈ្មោះថា Natalie Shoshana Raanan បានត្រលប់ទៅដល់ប្រទេសអ៊ីស្រាអែលវិញ កាលពីល្ងាចថ្ងៃសុក្រ»។

យ៉ាងណាមិញ មិនមានព័ត៌មានលម្អិតណាមួយត្រូវបានគេផ្តល់ឱ្យ ទាក់ទងនឹងស្ថានភាពរបស់ពួកគេនោះទេ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា លោកមានការរីករាយជាខ្លាំងចំពោះព័ត៌មាននេះ។ លោក Biden បាននិយាយតាមទូរស័ព្ទ ទៅកាន់ស្ត្រីទាំងពីរនាក់ បន្ទាប់ពីពួកគេត្រូវបានដោះលែង។

ក្រុម ហាម៉ាស់ បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយប្រទេសកាតា និងអេហ្ស៊ីប ដើម្បីដោះលែងចំណាប់ខ្មាំង ជា«ជនស៊ីវិល» ដែលជាសញ្ញាមួយបង្ហាញថា ការដោះលែងអាចមានកាន់តែច្រើន។

អ៊ីស្រាអែលនិយាយថា មនុស្សចំនួន ២០៣នាក់ រួមមាន ជនជាតិអ៊ីស្រាអែល អ្នកដែលមានសញ្ជាតិពីរ និងជនបរទេសផ្សេងៗទៀត ត្រូវបានចាប់ពង្រត់ ដោយខ្មាន់កាំភ្លើង «ហាម៉ាស់» នៅពេលដែលពួកគេបានបើកការវាយប្រហារដ៏សាហាវបំផុត ក្នុងប្រវត្តិសាស្ត្រ មិនធ្លាប់មាន ក្នុងរយៈពេល ៧៥ ឆ្នាំ នៅអ៊ីស្រាអែល។ យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៤០០ នាក់ ត្រូវបានសម្លាប់ ដែលភាគច្រើន ជាជនស៊ីវិល។

អ៊ីស្រាអែលបានសងសឹក ឆ្លើយតបវិញ ជាមួយនឹងយុទ្ធនាការទម្លាក់គ្រាប់បែក មិនឈប់ឈរប្រឆាំងនឹងតំបន់ហ្កាហ្សា ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤១៣៧ នាក់ស្លាប់ ដែលភាគច្រើនជាជនស៊ីវិល នេះបើតាមរដ្ឋបាលហាម៉ាស់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner