អាមេរិក៖ បាតុកម្មនៅមុខសេតវិមាន ទាមទារឲ្យមានបទឈប់បាញ់នៅហ្គាហ្សា

វ៉ាស៊ីងតោន ឌីស៊ី៖ ក្រុមអ្នកតវ៉ាដើរក្បួនទៅកាន់សេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដោយអំពាវនាវឱ្យមានបទឈប់បាញ់ នៅថ្ងៃទីដប់បួន នៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ក្រុមបាតុករបានស្រែកនៅតាមដងផ្លូវ និងលើកបដា ដែលមានខ្លឹមសារ ដូចជា «សូមឲ្យមានបទឈប់បាញ់ ឥលូវ» , «សូមដោះលែងប៉ាឡេស្ទីន», «សូមឈរនៅលើភាពត្រឹមត្រូវ នៃប្រវត្ថិសាស្ត្រ», «កុំឲ្យពួកយើងឈឺចាប់ ព្រោះតែអាវុធរបស់អ្នកឯង» ព្រមទាំងខ្លឹមសារថា «កុំឲ្យមានសង្គ្រាមហែកហួរ ឲ្យសោះ» ជាដើម។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានប្តេជ្ញាកម្ទេចក្រុមហាម៉ាស់ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនេះបានបើកការវាយឆ្មក់ដ៏រន្ធត់ កាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤០០ នាក់ ដោយភាគច្រើនជាជនស៊ីវិល ក្នុងនោះ ត្រូវបានបាញ់សម្លាប់ផង, កាប់សម្លាប់ដោយកាំបិតផង ឬ ដុតសម្លាប់ចោល។

ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់ យន្តហោះទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបានវាយប្រហារតំបន់ហ្គាហ្សា បន្តបន្ទាប់ បណ្តាលឲ្យស្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ជាង៤ពាន់នាក់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner