ព្រះសង្ឃ និងសប្បុរសជនក្នុងក្រុងសៀមរាប នាំយកអំណោយចែកជូន សិស្សានុសិស្ស និងគ្រួសារខ្វះខាតជាង ៧០០នាក់
សៀមរាប៖ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ព្រះសង្ឃ និងសប្បុរសជន បាននាំយកទេយ្យទាន ចែកជូនដល់សិស្សានុសិស្សចំនួន ៥០០នាក់ និងគ្រួសារខ្វះខាតជាង ២០០គ្រួសារ នៅសាលាបឋមសិក្សាគោកព្នៅ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
ក្នុងនាមពុទ្ធសាសនូបត្ថម្ភក៏ មហាឧបាសិកា ជៀវ ម៉ាលី បានបង្ហាញនូវក្តីសោមនស្សជ្រះថ្លា និងអរគុណដល់សប្បុរសជននិងក្រុមញាតិធម៌ដែលបានបរិច្ចាគធនធានថវិកាចូលរួមចែករំលែកដល់បងប្អូនដែលមានជីវភាពខ្វះខាតប្រចាំថ្ងៃ។ មហាឧបាសិកា មានប្រសាសន៍ថា នេះមិនមែនជាលើកទី១ទេ ដែលបានចែករំលែកទេយ្យទាន និងសម្ភារៈសិក្សាបែបនេះ គឺធ្វើទៅតាមលទ្ឋភាពសទ្ឋាជ្រះថ្លា ប្រកបដោយស្មារតីសាមគ្គីធម៌ ដើម្បីជួយដល់គ្រួសារដែលមានជីវភាពខ្វះខាត ។
ក្នុងនាមមន្ត្រីសង្ឃខេត្ត ព្រះចៅអធិការវត្ដមួយចំនួន និងតំណាងឱ្យសប្បុរជនដែលជ្រះថ្លា ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិដ្ឋ ព្រះរាជាគណៈកិត្តិយស ព្រះសមុហ៍គណខេត្ត និងជាព្រះគ្រូចៅអធិការវត្តប្រាសាទចន្ទរង្សី មានសង្ឃដីកាថ្លែងអំណរគុណបំផុតចំពោះទឹកចិត្តដ៏សប្បុរសរបស់ញាតិញោម ដែលតែងតែលះបង់ទ្រព្យធនធាន និងកម្លាំងកាយកម្លាំងចិត្ត ដើម្បីចូលរួមចំណែកជួយសង្គម ជួយធុរៈដល់អាជ្ញាធរមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលជានិច្ចកាល ក្រុមសប្បុរសជនទាំងនេះ តែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋដែលមានការខ្វះខាត មិនថានៅខេត្តសៀមរាប ឬនៅខេត្តដទៃទៀតនោះទេ។
ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិដ្ឋ បានចាត់ទុកសម្ភារៈអំណោយទាំងនោះ ថាជាទានដ៏វិសេសសម្រាប់អ្នកខ្វះខាត ទោះបីជាមិនច្រើនក្តីតែអាចជួយសម្រាលការលំបាកក្នុងជីវភាពបានមួយគ្រាៗផងដែរ។
ព្រះអង្គ មានថេរដីកាថា បុគ្គលដែលអាចធ្វើទានបានឈ្មោះថា ជាអ្នកមាន ត្បិតអី លុះត្រាតែមាន ទើបអាចឱ្យរបស់ទ្រព្យទៅជនដទៃបាន។ “មាន” នៅទីនេះ សំដៅលើភាពជាអ្នកមានធម៌មេត្តា មានក្តីសន្តោសនៅក្នុងសន្តានចិត្ត។ បើនិយាយពីការរស់នៅវិញ យើងអាចប្រកបការងារផ្សេងៗ និងអាចរក្សាជីវិតឱ្យគង់បាន ព្រោះហេតុគឺ “អាហារ” ដូច្នេះ ការឱ្យនូវអាហារ ឬទាន ឈ្មោះថា ការឱ្យនូវជីវិត។ ហេតុនេះ ញាតិញោមទាំងឡាយ ដែលជាម្ចាស់ដើមទាន គប្បីត្រេកអរជ្រះថ្លាក្នុងចិត្តថា “ទាន ទោះតិចក្តីច្រើនក្តី ដែលអាត្មាអញកំពុងធ្វើនេះឈ្មោះថា កំពុងដើរតាមគន្លងព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងហើយ”។
គួររំលឹកថា បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាតជាក់ស្តែងចំនួន២០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៣គ.ក្រ មី០១កេស ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា២ម៉ឺនរៀល។ ចំណែក២០០គ្រួសារទៀ ក្នុងមួយគ្រួសារទទួលបានសារ៉ុង០១និងថវិកា១ម៉ឺនរៀល។ សិស្សានុសិស្សចំនួន៥០០នាក់ ម្នាក់ៗទទួលបានសៀវភៅ០២ក្បាល ប៊ិក០១ដើម ខ្មៅដៃ០១ដើម និងថវិកា៣ពាន់រៀល។លោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ប្រជាការពារ សរុបចំនួនប្រមាណជា៤០នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង០១ និងថវិកា២ម៉ឺនរៀល និងបានប្រគេនព្រះសង្ឃចំនួន១០អង្គ ក្នុងមួយអង្គៗបច្ច័យ៥ម៉ឺនរៀលផងដែរ៕
ដោយ ស៊ាន សុផាត





