សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិនិយោគទៅលើការអប់រំ និងសុខាភិបាល នៅតែជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការវិនិយោគទៅលើការអប់រំ និងសុខាភិបាល នៅតែជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ពីព្រោះប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន គឺអាស្រ័យលើធនធានមនុស្ស ហើយធនធានមនុស្សមានគុណភាព មានផលិតភាព គឺជាធនធានមនុស្សដែលមានសុខភាពល្អ។
សម្តេចធិបតី នាយករដកឋមន្ត្រី ថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ ។
សម្តេចធិបតី ថ្លែងថា សុខភាពរបស់ប្រជាពលរដ្ឋ គឺជារឿងសំខាន់ ដែលចាំបាច់រាជរដ្ឋាភិបាលត្រូវផ្តល់សេវាសុខាភិបាលឲ្យបានល្អគ្រប់គ្រាន់ តាមរយៈការបង្កើតមន្ទីរពេទ្យធំ (មន្ទីរពេទ្យជាតិតេជោសន្តិភាព) ដែលបំពាក់ទៅដោយឧបករណ៍ទំនើបៗ និងមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ។
សម្តេច បន្តថា ការរៀបចំមន្ទីរពេទ្យធំនេះ គឺស្របទៅតាមចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ឆ្លើយតបទៅតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋដែលមានជំងឺផ្សេងៗ ត្រូវបង្ការ ការពារ និងព្យាបាល ដូចពាក្យស្លោកថា កុំរង់ចាំដល់គោបាត់ ទើបនាំគ្នាធ្វើរបង នោះហួសពេលហើយ។ ដូចនេះ ការសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យធំថ្ងៃនេះ គឺជាការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយសមធម៌។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការសម្ពោធ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» នាពេលនេះ គឺមិនមែនសម្រាប់តែបម្រើដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ គឺនឹងបម្រើដល់ប្រជាពលរដ្ឋគ្រប់រូបទាំងអស់នៅទូទាំងប្រទេស រួមទាំងជនជាតិបរទេសដែលកំពុងរស់នៅកម្ពុជាផងដែរ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

